ខេត្តសៀមរាប ៖ យុវជនម្នាក់ នៅសុខៗក៏ក្រោកពីដំណេកទាំងកណ្តាលអធ្រាត្រ កាន់ខ្សែភ្លើងមួយចង្វាយ រួចក៏ក្រាបសំពះសុំលាម្តាយ និងបងស្រីបង្កើតរបស់ខ្លួន លុះម្តាយសួរនាំថាទៅណា កូនប្រុសរូបនេះក៏ឆ្លើយថា មិនអាចទ្រាំរស់នៅទៀតបានទេ ព្រោះមានគេមើលងាយច្រើនណាស់ រួចក៏រត់ទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក។
យុវជនគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះម៉ែន ឈុយ អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះឆេង ឡាវ ត្រូវជាម្តាយសព និងឈ្មោះម៉ែន ម៉ាល័យ ត្រូវជាបងស្រីសព បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ ជនរងគ្រោះបានក្រោកពីដំណេកទាំងកណ្តាលអធ្រាត្រ រួចបានកាន់តែភ្លើងមួយចង្វាយ បន្ទាប់មក បានមកក្រាបសំពះលាម្តាយ និងបងស្រីបង្កើត លុះម្តាយសួរនាំថាទៅណា? ជនរងគ្រោះក៏ឆ្លើយថា រូបគេអន់ចិត្តនឹងអ្នកដ៏ទៃនិយាយដើមមើលងាយមកលើរូបគេខ្លាំងណាស់ ហេតុនេះ មិនអាចរស់នៅតទៅទៀតបានទេ មានតែស្លាប់ទៅប្រសើរជាង។ និយាយរួច ជនរងគ្រោះក៏ស្ទុះរត់ចេញពីផ្ទះ រួចឡើងទៅលើដើមស្តៅក្រោយផ្ទះ ដើម្បីចងកសម្លាប់ខ្លួន ភ្លាមនោះស្ត្រីជាម្តាយ និងបងស្រីបានរត់ទៅតាមដែរ តែមិនអាចជួយទាន់ឡើយ ដោយប្រទះឃើញជនរងគ្រោះយកខ្សែចងកទម្លាក់ខ្លួនចុះក្រោម បណ្តាលឱ្យលៀនអណ្តាត ទើបបានត្រឹមនាំគ្នា ស្រែកហៅអ្នកជិតខាងឱ្យជួយ តែទម្រាំមានអ្នកមកជួយជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕