Tuesday, January 21, 2025
Homeសង្គម និងជីវិតភ្លើងប្រចណ្ឌ ដាច់ចិត្តកាប់ប្រពន្ធ៥ពូថៅ ស្លាប់ចោលកូន

ភ្លើងប្រចណ្ឌ ដាច់ចិត្តកាប់ប្រពន្ធ៥ពូថៅ ស្លាប់ចោលកូន

ខេត្តកណ្តាល ៖ បុរសជាប្តីចិត្តកំណាចឃោរឃៅម្នាក់ ព្រោះតែមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងពេក ក៏ចងគំនុំទុកក្នុងចិត្ត លុះឃើញស្ត្រីជាប្រពន្ធកំពុងដេកលង់លក់ ក៏ទាញពូថៅកាប់ប្រពន្ធចំនួន៥ពូថៅចំក្បាល បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចក៏យកភួចគ្រប លុះព្រឹកឡើងក៏នាំកូន តូច២នាក់ ជិះម៉ូតូគេចខ្លួនទៅស្រុកកំណើត ទីបំផុត ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននាំយកមកផ្តន្ទាទោសតាមច្បាប់។

ករណីឃាតកម្មដ៏ឃោរឃៅ ប្តីកាប់ប្រពន្ធ៥ពូថៅស្លាប់ រួចយកភួយគ្របពីលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិអង្គពពាយ ឃុំក្រាំងម្កាក់ស្រុកអង្គស្នួល។ ចំណែកជនដៃដល់ជាឃាតករដៃឆៅ ដែលកាប់សម្លាប់ប្រពន្ធដោយគ្មានញញើតដៃ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន នៅវេលាម៉ោង១០ និង១០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅឯស្រុកកំណើតរបស់ជនជាឃាតករ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ស្ត្រីរងគ្រោះ ដែលត្រូវប្តីកាប់ស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះឈិត ម៉ាច អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ដោយឡែកជនសង្ស័យជាប្តី មានឈ្មោះណន ណាត អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យជាប្តីប្រពន្ធ បានឈ្លោះប្រកែកគ្នា ហើយក៏ស្ងាត់មាត់ទៅវិញ។ លុះពេលជនរងគ្រោះដេកលង់លក់ ជនសង្ស័យជាប្តីបានយកពូថៅកាប់ជនរងគ្រោះចំនួន៥ពូថៅសំដៅចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗ ហើយយកភួយគ្របដណ្តប់ពីលើ។ លុះព្រឹកឡើងថ្ងៃទី១៦ ខែកក្កដា ជនសង្ស័យ បាននាំកូនតូច២នាក់ ជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាត់ទៅ។

តាមសម្តីបុរសឈ្មោះឈិន តាក់ អាយុ២៧ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា កន្លងមកបងស្រី (ស្ត្រីរងគ្រោះ) និងប្តី បាននាំគ្នាចាកចេញពីស្រុកកំណើតនៅខេត្តកំពង់ស្ពឺ មកស្នាក់នៅផ្ទះជួលនៅស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីមកធ្វើការងាររោងចក្រ ដោយផ្ទះជួលរបស់បងស្រី ក៏នៅជិតផ្ទះរបស់គេ (ឈិន តាក់) ដែរ ។

ប្រភពដដែលបន្តថា កន្លងមក បងស្រីនិងប្តីតែងមានទំនាស់ឈ្លោះប្រកែកគ្នាជាញឹកញាប់ លុះមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៧យប់ ដោយឃើញផ្ទះបងស្រីមានសភាពងងឹត មិនបើកអំពូលភ្លើង ទើបមានការងឿងឆ្ងល់ ក៏ដើរទៅមើល រួចស្រែកហៅ បងស្រីដែរ តែមិនឮបងស្រីឆ្លើយតប ភ្លាមនោះក៏ឡើងទៅមើលលើផ្ទះ បញ្ចាំងភ្លើងពិលមើលបានឃើញបងស្រីដេកដណ្តប់ភួយជិត ដោយចេញតែចុងជើង លុះរូបគេចូលទៅជិតចាប់អង្រួនជើង ឃើញថាជើងបងស្រីមានសភាពរឹងបាត់ទៅហើយ រួចបើកភួយមើល ក៏ឃើញស្នាមកាំបិត កាប់ត្រង់ក្បាល ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល រាយការណ៍ជូនមេភូមិ និងនគរបាលប៉ុស្តិ៍ក្រាំងម្កាក់ ដើម្បីពិនិត្យតែម្តង៕

RELATED ARTICLES