ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានប្រើល្បិចណាត់ជួបក្មេងស្រីអាយុ១៤ឆ្នាំ នៅកន្លែងស្ងាត់ លុះទៅដល់ ក៏ចាប់អូសដៃក្មេងស្រីរងគ្រោះ ចូលព្រៃរំលោភសេពសន្ថវៈរហូតបានសម្រេច លុះរឿងរ៉ាវបែកធ្លាយដឹងដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់។
ករណីប្រុសព្រានល្បួងរំលោភក្មេងស្រីនេះ បានកើតឡើងកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល។ លុះមកដល់វេលាម៉ោង៤ និង២៤នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ជនសង្ស័យដែលចាប់រំលោភកូនស្រីគេ និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះសំណង រស្មី អាយុ២១ឆ្នាំ រស់នៅក្នុងភូមិសង្កាត់ដែលសមត្ថកិច្ចចុះឃាត់ខ្លួនខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះឆ.ល អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យនាំខ្លួន ចេញដោយលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលបានចោទប្រកាន់ ពីបទរួមភេទជាមួយអនីតិជន ប្រព្រឹត្ត កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល។
ប្រភពដដែលបន្តថា កន្លងមក ជនរងគ្រោះ និងជនសង្ស័យធ្លាប់មានទំនាក់ទំនង និងរាប់អានគ្នាជាមិត្តភក្តិ។ លុះមកដល់អំឡុង ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ ជនសង្ស័យបានប្រើល្បិចបោកបញ្ឆោតជនរងគ្រោះ ហើយនាំទៅចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច នៅចំណុចព្រៃស្ងាត់មួយកន្លែង។ លុះក្រោយមក រឿងរ៉ាវនៃការចាប់រំលោភនោះ ក៏ដឹងដល់ឪពុកម្តាយរបស់នាង ទើបពួកគាត់នាំកូនស្រីរបស់ខ្លួន ទៅដាក់ពាក្យបណ្តឹង សុំឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឱ្យនាង៕