ខេត្តបាត់ដំបង ៖ បុរសជាឪពុកចុងម្នាក់ ឆ្លៀតពេលប្រពន្ធមិននៅផ្ទះ ក៏ធ្វើសកម្មភាពចាប់ឱបថើប និងប្រើដៃលូកស្ទាបប្រដាប់ភេទ កូនស្រីវ័យ១៣ឆ្នាំ លុះកំពុងតែត្រេកត្រអាលតណ្ហា ក៏ត្រូវស្ត្រីជាប្រពន្ធមកទាន់ ផ្ទុះកំហឹង រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនប្តីល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។
ករណីឪចុងចាប់ឱបលូកស្ទាបប្រដាប់ភេទកូនស្រី ត្រូវប្រពន្ធតាមទាន់ប្តឹងដាក់គុកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិឆាយបល្ល័ង្ក ឃុំធិបតី ស្រុកគាស់ក្រឡ។
ជនសង្ស័យល្មោភកាមដែលជាឪពុកចុង មានឈ្មោះយឹង ស អាយុ៤៧ឆ្នាំ មុខរបរកម្មករ។ ចំណែកក្មេងស្រីរងគ្រោះជាកូនចុង ទើបនឹងមានវ័យអាយុ១៣ឆ្នាំប៉ុណ្ណោះ។ អ្នកទាំង២ មានលំនៅក្នុងភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង តែបាននាំគ្នាមកស្នាក់នៅ និងធ្វើជាកម្មករនៅភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់ជាស្ត្រីមេម៉ាយ និងបានយកជនសង្ស័យខាងលើធ្វើជាប្តី រួចក៏បាននាំគ្នា១គ្រួសារ មានសមាជិក៣នាក់ គាត់ប្តី (ជនសង្ស័យ) និងកូនស្រីវ័យ១៣ឆ្នាំ (ជនរងគ្រោះ) ធ្វើចំណាកស្រុកមកធ្វើជាកម្មករក្នុងភូមិឃុំ កើតហេតុខាងលើ។
ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ គាត់រវល់ចេញទៅខាងក្រៅ មួយភ្លែត ស្រាប់តែត្រឡប់មកដល់ផ្ទះវិញ ក៏ប្រទះឃើញប្តីល្មោភកាម កំពុងធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាសកូនស្រីបង្កើតរបស់គាត់ ដោយបាន ចាប់ឱបថើប និងប្រើដៃលូកស្ទាបប្រដាប់ភេទកូនស្រី យ៉ាងត្រេកត្រអាល ទើបធ្វើឱ្យគាត់ខឹង ក៏ចូលទៅឃាត់ រួចស្តីបន្ទោសប្តីនេះយ៉ាងចាស់ដៃ បន្ទាប់មកក៏ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនប្តីល្មោភកាមនេះយកទៅចាត់ការតាមច្បាប់តែម្តង៕