ខេត្តក្រចេះ ៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហាញនូវលទ្ធផលចុះស្រាវជ្រាវករណីពុលស្រានៅខេត្ត ក្រចេះ ដែលបណ្តាលឱ្យមានអ្នកស្លាប់៣នាក់ និងរបួសជាច្រើននាក់នោះ គឺកើតឡើងដោយសារតែការផលិតស្រាសមិនត្រឹមត្រូវ តាមបច្ចេកទេស បណ្តាលឱ្យមានសារធាតុមេតាណុលខ្ពស់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការអង្កេតស្រាវជ្រាវ ព្រឹត្តការណ៍ប្រជាជនឈឺ និងស្លាប់ ដោយសារ ពុលស្រាសផលិតមិនត្រឹមត្រូវតាមបច្ចេកទេស នៅស្រុកស្នួល ខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងដូចខាងក្រោម ៖
ក្រោយពីទទួលបានព័ត៌មានពីករណីពុលស្រាស នៅរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានចាត់ឱ្យក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិ បាល ចុះជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីធ្វើការអង្កេតស្រាវជ្រាវស្តីពី ព្រឹត្តការណ៍ប្រជាជនឈឺ និងស្លាប់ នៅស្រុកស្នួល ខេត្តក្រចេះ។ ក្រុមការងារ ថ្នាក់ជាតិនេះ បានចេញដំណើរពីទីក្រុងភ្នំពេញភ្លាមៗ ហើយបានមកដល់មន្ទីរពេទ្យបង្អែកស្នួល ខេត្តក្រចេះ នៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃដដែល។ បន្ទាប់មក ក្រុមការងារថ្នាក់ជាតិដែលមានលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ចូលរួមដែរនោះ បានជួបប្រជុំជាមួយអាជ្ញាធរខេត្តក្រចេះ ដែលមានលោកអភិបាលរង ខេត្តក្រចេះ ជាក់ ម៉េងហ៊ាង ក្រុមការងារមន្ទីរសុខាភិបាល ខេត្តក្រចេះ ដែលមានលោកវេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោកវេជ្ជបណ្ឌិត អ៊ង វណ្ណរ៉ា ប្រធានមន្ទីរពេទ្យបង្អែក ស្នួល ព្រមទាំងមន្ត្រី-បុគ្គលិកសុខាភិបាលជាច្រើននាក់ផងដែរ។
ក្រោយការពិនិត្យស្រាវជ្រាវរបស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តក្រចេះ និងជួយអន្តរាគមន៍បន្ទាន់ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ពុល ស្រាស ដែលផលិតមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលបណ្តាលឱ្យមានអ្នកពុល និងស្លាប់ នៅស្រុកស្នួល ខេត្តក្រចេះ ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ត្រឹមម៉ោង៣រសៀល មានលទ្ធផលដូចតទៅ ៖
ក. លទ្ធផលនៃការអង្កេតស្រាវជ្រាវ និងពិនិត្យព្យាបាល ៖
១. ព្រឹត្តិការណ៍ទី១ ៖ បានកើតឡើងនៅភូមិរវៀងមានជ័យ ចំណុច២០១០ ជាភូមិឧបសម្ព័ន្ធរបស់ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ មានកម្មវិធីពិសាអាហារជុំគ្នា ដោយមានអ្នកពិសាស្រាសចំនួន១២នាក់ (ស្រី៣នាក់) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១ រសៀល ក្នុងនោះ អ្នកផឹកស្រាចំនួន១២នាក់ (ប្រុស៩នាក់ ស្រី៣នាក់) ស្លាប់៣នាក់ (ស្រី២) និងឈឺចំនួន៩នាក់ (ស្រី១)។
-អ្នកស្លាប់ទី១ ៖ ភេទស្រី អាយុ៣៧ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យខេត្ត ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤ទៀបភ្លឺ។
-អ្នកស្លាប់ទី២ ៖ ភេទស្រី អាយុ៣២ឆ្នាំ ស្លាប់នៅផ្ទះ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១ និង៣០នាទីរសៀល។
-អ្នកស្លាប់ទី៣ ៖ ភេទប្រុស អាយុ៥៧ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យខេត្តថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៣០នាទីព្រឹក។
២. ព្រឹត្តិការណ៍ទី២ ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨ព្រឹក មានហេតុការណ៍កើតឡើង នៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយមានអ្នកចូលរួមពិសាស្រាស ចំនួន៤៨នាក់ (ស្រី១៣នាក់) នៅក្នុងកម្មវិធីបុណ្យសពអ្នកស្លាប់ទី១ ដោយសារពុល ស្រាស។ ក្នុងនោះ អ្នកផឹកស្រាចំនួន៤៨នាក់ (ប្រុស៣៥នាក់ ស្រី១៣នាក់) ពុលទាំង៤៨នាក់ (គ្មានអ្នកស្លាប់)។
៣. ព្រឹត្តិការណ៍ទី៣ ៖ កើតឡើងនៅភូមិស្នួលវត្តលិច ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយមានអ្នកចូលរួមពិសាស្រាចំនួន១៤នាក់ (ស្រី៤នាក់) នៅក្នុងកម្មវិធីសែនអ្នកតា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពើម៉ោង៦ព្រលប់។ ដោយក្នុងនោះ មានអ្នកផឹកស្រា ចំនួន១៤នាក់ (ប្រុស១០ ស្រី៤) ពុលតែ៣នាក់ប៉ុណ្ណោះ (គ្មានអ្នកស្លាប់)។
ខ. ចំនួនអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យខេត្តក្រចេះ និងមន្ទីរពេទ្យបង្អែកស្នួល ៖
ចំនួនអ្នកចូលសម្រាកពេទ្យសរុប (ទាំងអ្នកពុលស្រាស និងអ្នកមិនពុលស្រាស) ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ (គិតត្រឹមម៉ោង៣រសៀល) មាន៧៣នាក់ (ស្រី២១នាក់) ដែលក្នុងនោះ មានអ្នកជំងឺពុលស្រាស សរុបចំនួន៦២នាក់ (ស្រី១៩នាក់) ហើយក្នុងចំណោមអ្នកពុល៦២នាក់នោះ មានអ្នកស្លាប់ចំនួន២នាក់ និងបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំនួន១១នាក់ (ស្រី២នាក់)។ អ្នកជំងឺពុលស្រាស ដែលមានជាតិមេតាណុល សរុបចំនួន៦២នាក់ (ស្រី១៩) សម្រាកនៅមន្ទីរពេទ្យបង្អែកស្នួល ចំនួន៥៣នាក់ (ស្រី១៥នាក់) និងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន៩នាក់ (ស្រី៤នាក់)។
អ្នកចូលសម្រាកពេទ្យខាងលើទាំងអស់ មានរោគសញ្ញាដូចតទៅ ៖ អស់កម្លាំង ណែនទ្រូង ឈឺក្បាល ព្រិលភ្នែក បាត់បង់ស្មារតី វិលមុខ ឈឺពោះ រាករូស ក្អួតចង្អោរ។ ក្រុមគ្រូពេទ្យមន្ទីរពេទ្យស្នួល និងនៅមន្ទីរពេទ្យខេត្តក្រចេះ កំពុងយកចិត្តទុកដាក់ តាមដាន និងព្យាបាលអ្នក សម្រាកទាំងអស់ ហើយរហូតមកដល់ម៉ោង៣រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មិនមានករណីថ្មីដែលពុលស្រាសចូលមកសម្រាកពេទ្យ នោះទេ។
គ. ការអង្កេតបរិស្ថាន
យោងតាមការអង្កេតផ្នែកអេពីដេមីសាស្ត្រ ការអង្កេតផ្នែកចំណីអាហារ និងបរិស្ថាន ពុំបានរកឃើញនូវហេតុការណ៍ផ្សេងទៀត ក្រៅពី ការពុលស្រាសដែលបណ្តាលឱ្យមានអ្នកឈឺ និងស្លាប់ ឬក៏ហេតុការណ៍ដែលបង្ហាញពីការសង្ស័យមានការចម្លងជំងឺពីសត្វមកមនុស្ស ឬជំងឺឆ្លង ផ្សេងៗ ឬការពុលសារធាតុគីមីផ្សេងៗ ក្រៅពីការពុលស្រាស ដោយសារធាតុមេតាណុលនោះទេ។
ឃ. វិធានការណ៍ដែលបានដាក់ចេញ
១. ក្រុមការងារសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត ចុះស្រាវជ្រាវករណីពុលស្រាស បានដាក់ចេញនូវវិធានការណ៍ដូចខាងក្រោមនេះ ៖
– ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបញ្ឈប់ការពិសាស្រាសដែលផលិតមិនមានបច្ចេកទេសត្រឹមត្រូវ
– ចុះអប់រំសុខភាព និងអនាម័យចំណីអាហារ តាមខ្នងផ្ទះនីមួយៗ និងធ្វើការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ មេក្រូចល័ត និងបណ្តាញ ទំនាក់ទំនងសង្គម អំពីវិធានការការពារ កុំឱ្យមានការពុលស្រាស
– បន្តតាមដានស្ថានភាពជំងឺ និងយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ
– បន្តអង្កេតស្រាវជ្រាវ ពីប្រភពនៃការចែកចាយ និងលក់ដូរស្រាស ដោយរួមសហការណ៍ជាមួយអង្គភាពសុខភាពពិភពលោក
– សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ជាពិសេសសង្ស័យថាពុលស្រាស មកពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ១១៥ ឬទំនាក់ទំនងលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ទូរស័ព្ទលេខ ០១២ ៨២៥ ៤២៤។ សារអប់រំសុខភាព អាចទាញយកបានពីគេហទំព័រ www.cdcmoh.gov.kh ឬហ្វេសប៊ុកផេចឈ្មោះ នាយក ដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។
២. ក្រុមការងារសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត ចុះស្រាវជ្រាវករណីពុលស្រាស សូមធ្វើការអំពាវនាវដល់អាជ្ញាធរដែនដី និងស្ថាប័ន ពាក់ព័ន្ធ ដូចខាងក្រោម ៖
– រឹតបន្តឹងការត្រួតពិនិត្យក្នុងការផលិត ការចែកចាយ និងការលក់ស្រាស ជាប្រចាំ
– រួមសហការក្នុងការអប់រំ ដើម្បីបញ្ឈប់ការពិសាស្រាសដែលផលិតមិនមានលក្ខណៈបច្ចេកទេស
– រឹតបន្តឹងការត្រួតពិនិត្យ ដោយហ្មត់ចត់នៅតាមច្រកចេញ-ចូល នូវផលិតផលស្រាស និងសារធាតុសម្រាប់ផលិតស្រាសខុសបច្ចេកទេស។
ង. ការសន្និដ្ឋាន ៖
ផ្នែកលើប្រវត្តិ នៃការពិសាស្រាស ដែលផលិតមិនត្រឹមត្រូវ រោគសញ្ញ និងទិន្នន័យដែលទទួលបានពីការអង្កេត ក្រុមការងារសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ខេត្តចុះស្រាវជ្រាវករណីពុលស្រាសនៅស្រុកស្នួល ខេត្តក្រចេះ បានសន្និដ្ឋានថា ៖ អ្នកឈឺ និងអ្នកស្លាប់ ក្នុងព្រឹត្តិការណ៍រៀបរាប់ ខាងលើនេះ គឺបណ្តាលមកពី “ពុលស្រាស ដែលមានសារធាតុមេតាណុល…”៕