បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានកើតមានជំងឺប្រចាំកាយរាប់ឆ្នាំមកហើយ លុះស្ថានភាពជំងឺចេះតែធ្វើទុក្ខខ្លាំងពេក ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចដើមអំពិលស្ថិត ក្នុងក្រុមទី៤ ភូមិនាងលេម ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល។

បុរសចំណាស់ដែលចងកធ្វើអត្តឃាត មានឈ្មោះទូច ហឿម អាយុ៦៧ឆ្នាំ មុខរបរធ្វើចម្ការ មានប្រពន្ធឈ្មោះយ៉ាន រ៉ូយ អាយុ៦២ឆ្នាំ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ) បានកើតមានជំងឺក្រពះ និងសន្លាក់រ៉ាំរ៉ៃ ជាច្រើនឆ្នាំមកហើយ។ លុះរយៈពេលប្រមាណ១ខែចុងក្រោយនេះ ស្ថានភាពជំងឺចេះតែធ្វើទុក្ខខ្លាំងឡើង និងធ្វើឱ្យប្តីគាត់ តែងពោលថា ពិបាកក្នុងខ្លួនណាស់ យកថ្នាំអីមកព្យាបាលក៏មិនជា មើលទៅរស់មិនយូរទេ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះមកដល់យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ប្តីរបស់គាត់បានចូលសម្រាន្តដូចសព្វដង រហូតដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខណៈដែលគាត់ភ្ញាក់ដឹងខ្លួន ក្រឡេកទៅរកមើលប្តី ក៏បាត់មិនឃើញដេកនៅលើគ្រែ ទើបគាត់នឹកឆ្ងល់ ក៏ដើររកពេញផ្ទះ តែរកមិនឃើញសោះ។ រហូតដល់វេលាម៉ោង៤ទៀបភ្លឺថ្ងៃដដែល ពេលគាត់ដើរទៅរកមើលនៅខាងក្រោយផ្ទះ ក៏ស្រាប់តែប្រទះឃើញប្តីចងកនៅដើមអំពិលក្រោយផ្ទះ ចម្ងាយប្រមាណ១០ម៉ែត្រ ធ្វើឱ្យកើតមានការផ្អើលឆោឡោ ស្រែកហៅអ្នកជិតខាងឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះតូចចិត្តនឹងជំងឺប្រចាំកាយ ចេះតែធ្វើទុក្ខមិនឈប់ ទើបដាច់ចិត្តគិតខ្លីបែបនេះ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕