ខេត្តកណ្តាល ៖ បុរស២នាក់ បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមជជែកគ្នាពីរឿងពូជមាន់ជល់ ដែលសុំគេមកចិញ្ចឹម ដោយក្នុងនោះភាគីម្ខាងបានបង្អាប់ថា ពូជមាន់នោះជាមាន់សម្ល ជាហេតុធ្វើឱ្យភាគីម្ចាស់មាន់ផ្ទុះកំហឹង ក៏ទាញកាំបិតមកកាប់ប្រហារគូទំនាស់ជាច្រើនកាំបិត បណ្តាលឱ្យដាច់ដៃ និងរយះក្បាល រងរបួសធ្ងន់។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកអណ្តូង ឃុំលើកដែក ស្រុកកោះធំ។
ជនដៃដល់ដែលកាប់ប្រហារគូទំនាស់ដាច់ដៃ និងរយះក្បាលរងរបួសធ្ងន់ មានឈ្មោះហាន ហ៊ុន អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ (រត់គេចខ្លួនបាត់)។ ចំណែកបុរសរងគ្រោះ មានឈ្មោះភ្លៀវ ធា អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា (រងរបួសដាច់ម្រាមដៃឆ្វេង និងរយះក្បាល)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនសង្ស័យបានផឹកស្រាជាមួយគ្នានៅផ្ទះ របស់ឈ្មោះ ជ្រួង វី។ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ស្រាប់តែអ្នកទាំងពីរក៏ចាប់ផ្តើមជជែកគ្នាពីរឿង ពូជមាន់ជល់ដែលសុំគេមកចិញ្ចឹម ដោយក្នុងនោះ ជនរងគ្រោះបានបង្អាប់មាន់របស់ជនសង្ស័យថា ពូជមាន់នោះ គឺជាមាន់សម្ល ទើបធ្វើឱ្យជនសង្ស័យផ្ទុះកំហឹង ក៏កើតជាជំលោះតឹងសរសៃកដាក់គ្នា តែមិនទាន់ឈានដល់អំពើហិង្សានៅឡើយ ដោយសារត្រូវបានអ្នកជិតខាងឃាត់ឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន។
ប្រភពដដែលបន្តថា លុះមកដល់ពេលកើតហេតុ ស្រាប់តែជនសង្ស័យបានយកកាំបិតពីផ្ទះរបស់ខ្លួនទៅកាប់ជនរងគ្រោះដល់ក្រោមផ្ទះ ជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ រួចហើយបានរត់គេចខ្លួនបាត់ស្រមោល ដោយនាំយកកាំបិតទៅជាមួយផងដែរ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ។

ដោយឡែក សមត្ថកិច្ចស្រុក និងប៉ុស្តិ៍ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកចាត់ការតាមនីតិវិធី៕