ខេត្តស្វាយរៀង ៖ គូដណ្តឹងវ័យក្មេងមួយគូ បាននាំគ្នាមកចូលរួមក្នុងពិធីជប់លៀងនៅផ្ទះមិត្តភក្តិ រួចក៏ផឹកស៊ីតាំងពីព្រឹក រហូតដល់ថ្ងៃរសៀល ក៏លាមិតភក្តិត្រឡប់ទៅផ្ទះវិញ ទាំងស្ថានភាពស្រវឹងជោកជាំ ហើយទោះជាមិត្តភក្តិឃាត់យ៉ាងណាក៏មិនស្តាប់ ទីបំផុត ជិះចេញពីផ្ទះមិត្តភក្តិបានប្រមាណ១០នាទី ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូដោយខ្លួនឯង បណ្តាលឱ្យខាងប្រុសរងរបួសរលាត់ដៃជើងតិចតួច ចំណែកខាងស្រី សន្លប់ស្តូកស្តឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូដោយខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិពោថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។
ជនរងគ្រោះទាំង២នាក់ ដែលទទួលរងរបួសដោយសារដួលម៉ូតូ រួមមាន ទី១-ឈ្មោះឡុង សុធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅខាងកើតផ្សារជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត និងទី២-ឈ្មោះឡឹក លីដា ភេទស្រី អាយុ១៨ឆ្នាំ មានលំនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។ អ្នកទាំងពីរ ជាគូដណ្តឹងនឹងគ្នា និងជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ដែលជាគូដណ្តឹងនឹងគ្នា បានជិះម៉ូតូដឹកគ្នា មកចូលរួមកម្មវិធីជប់លៀងតិចតួចនៅផ្ទះមិត្តភក្តិ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ លុះមកដល់ ក៏មានកម្មវិធីជួបជុំគ្នាផឹកស៊ីតាំងពីព្រឹក រហូតដល់វេលាម៉ោង៣និង៣០នាទីរសៀល ទើបជនរងគ្រោះទាំង២នាក់ បាននាំគ្នាលាម្ចាស់ផ្ទះ បំណងត្រឡប់ទៅវិញ។ ដោយសារតែឃើញសភាពបុរសជាគូដណ្តឹងស្រវឹងជោកជាំណាស់ទៅហើយ ទើបមិត្តភក្តិបានឃាត់ថា ឱ្យអ្នកទាំងពីរនៅសម្រាកផ្ទះរបស់ខ្លួន១យប់សិនទៅ ខ្លាចក្រែងមានគ្រោះថ្នាក់តាមផ្លូវ។ ប៉ុន្តែទោះជាមិត្តភក្តិព្យាយាមឃាត់យ៉ាងណា ក៏ខាងប្រុសនៅតែមិនព្រម ដោយសំអាងថា ប្រញាប់ជូននារីជាគូដណ្តឹង ត្រឡប់ទៅផ្ទះវិញ ណាមួយមានការងាររវល់ផង មិនអាចសម្រាកបានទេ៕