Tuesday, January 21, 2025
Homeសង្គម និងជីវិតចោរឆក់កាបូប ប៉ូលិសបាញ់ធ្លាយដៃ រត់ពួនក្នុងបឹងកំប្លោក

ចោរឆក់កាបូប ប៉ូលិសបាញ់ធ្លាយដៃ រត់ពួនក្នុងបឹងកំប្លោក

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះម្នាក់បានសម្រេច រួចក៏ព្យាយាមជិះរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចប្រដេញតាម រហូតឈានដល់ការផ្ទុះអាវុធ១គ្រាប់ បណ្តាលឱ្យជនសង្ស័យម្នាក់ធ្លាយដៃ និងព្យាយាមគេចខ្លួនបន្តទៀត លុះគេចលែងរួច ក៏ផ្តួលម៉ូតូស្ទុះចូលទៅសម្ងំពួនក្នុងភក់បឹងកំប្លោក ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ទាំង២នាក់។

ប្រតិបត្តិការបង្ក្រាបចោរឆក់កាបូបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងត្បូងវត្តឃ្មួញ ប្រមាណ៥០ម៉ែត្រ តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហេង ដាវីត អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ជាអ្នកបើកម៉ូតូ) និងទី២-ឈ្មោះសេន ឡេង អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (ជាជនដៃដល់ធ្វើសកម្មភាពឆក់)។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍តាមវិទ្យុទាក់ទងមកថា មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1J-8936 បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះម្នាក់ នៅចំណុចខាងមុខផ្សារហេងលី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកបានសម្រេច ហើយក្រុមជនសង្ស័យបានជិះរត់គេចខ្លួនឆ្ពោះឡើងទៅផ្លូវ៥៩៨។ បន្ទាប់ពីបានដំណឹងពីវិទ្យុទាក់ទងរួចមក កម្លាំងសមត្ថកិច្ច ក៏បានជិះល្បាតក្នុងមូលដ្ឋាន ក្រែងក្រុមជនសង្ស័យនោះ ជិះម៉ូតូគេចខ្លួនចូលមកក្នុងភូមិសាស្ត្ររបស់ពួកគាត់។

ប្រភពដដែលបន្តថា លុះពេលដែលសមត្ថកិច្ចកំពុងជិះល្បាត មកដល់ចំណុចផ្លូវ៥៩៨ កែងនឹងផ្លូវ១៩៨៦ ក៏ប្រទះឃើញជនសង្ស័យ ទាំង២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ដូចភិនភាគដែលបានរាយការណ៍ខាងលើ កំពុងធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ភ្លាមៗនោះ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច ក៏បម្រុងនឹងធ្វើការស្ទាក់ឃាត់ ដើម្បីឆែកឆេរ សួរនាំ តែខណៈពេលដែលជនសង្ស័យឃើញកម្លាំងសមត្ថកិច្ច ក៏ស្រាប់តែបន្ថែមល្បឿនជិះរត់គេចខ្លួន ទើបសមត្ថកិច្ចក៏ធ្វើការជិះប្រដេញតាមពីក្រោយ។ បន្ទាប់មកពេលដែលកំពុងធ្វើការជិះប្រដេញតាមផ្លូវ ជនសង្ស័យទាំង២នាក់ខាងលើនោះក៏បានធាក់ទៅលើម៉ូតូរបស់សមត្ថកិច្ច ទើបសមត្ថកិច្ចបានសម្រេចផ្ទុះអាវុធបាញ់មួយគ្រាប់ ចំជនសង្ស័យដែលអង្គុយពីក្រោយ (រងរបួសចំដៃខាងស្តាំ)។ ភ្លាមៗនោះដែលជនសង្ស័យមមិនបានឈប់ម៉ូតូនោះទេ គឺនៅតែបន្តដំណើរទៅមុខទៀត រហូតមកដល់ចំណុចកើតហេតុ ជនសង្ស័យទាំង២នាក់ ក៏បានផ្តួលម៉ូតូចោល ដើម្បីរត់គេចខ្លួនម្តង តែភ្លាមនោះ សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនសង្ស័យជាអ្នកបើកម៉ូតូបានភ្លាមៗ។ ដោយឡែកជនសង្ស័យអង្គុយខាងក្រោយ ដែលរងរបួសដៃខាងស្តាំ បានងើបរត់ទៅលោតចូល ប្រឡាយទឹកស្អុយ ដែលមានដើមកំផ្លោកដុះស៊ុបទ្រុប និងសម្ងំលាក់ខ្លួនបាត់ស្រមោល បន្សល់ទុកដែលដានឈាមរបស់ជនសង្ស័យស្រក់ជាប់នឹង ដើមកំផ្លោក។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ច ក៏បានធ្វើការរុករកជនសង្ស័យដែលលោតទឹកប្រឡាយខាងលើ អស់រយៈពេលមួយម៉ោង ទើបជនសង្ស័យខាងលើព្រមងើបចេញពីទឹក រួចក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង៕

RELATED ARTICLES