ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ បានសម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិតខ្លួនឯង ដោយបានបន្សល់ទុកសំបុត្រ១ច្បាប់ បង្ហាញពីការសុំទោសឪពុកម្តាយ ចំពោះកំហុសឆ្គងរបស់ខ្លួនកន្លងមក និងថែមទាំងបានផ្តាំឱ្យឪពុកហៅស្រីស្នេហ៍របស់ខ្លួន មកមើលមុខខ្លួនជាលើកចុងក្រោយ ដើម្បីឱ្យខ្លួនស្លាប់ទៅដោយបិទភ្នែកជិត។
ករណីយុវជនចងកសម្លាប់ខ្លួន ដោយបន្សល់ទុកលិខិតបណ្តាំសុំទោសឪពុកម្តាយ ព្រមទាំងសុំជួបមុខស្រីស្នេហ៍ជាលើកចុងក្រោយនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិរលាំងចក ឃុំរលាំងគ្រើល ស្រុកសំរោងទង។
យុវជនគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះ រឿន សាមុត អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីលោកយាយ ណូច ណេន អាយុ៧០ឆ្នាំ ត្រូវជាជីដូនបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ចៅប្រុសរបស់គាត់ (ជនរងគ្រោះ) បានឡើងទៅដេកនៅលើផ្ទះដូចសព្វដង ចំណែកលោកយាយ រួមនឹងឪពុកម្តាយរបស់ជនរងគ្រោះ សម្រាកនៅក្រោមផ្ទះ។ លុះមកដល់ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ដោយសារមិនទាន់ឃើញចៅប្រុស ភ្ញាក់ពីដំណេកដូចសព្វដង ទើបគាត់បានស្រែកដាស់ចៅប្រុសដែរ តែមិនលឺសំឡេងចៅប្រុសឆ្លើយតបសោះ ធ្វើឱ្យគាត់នឹកឆ្ងល់ ក៏ដើរឡើងទៅលើផ្ទះដើម្បីដាស់ចៅប្រុស ស្រាប់តែពេលឡើងទៅដល់លើផ្ទះ បើកទ្វារចូលទៅក្នុង ក៏ប្រទះឃើញចៅប្រុស ចងកស្លាប់ខ្លួនបាត់ទៅហើយ ធ្វើឱ្យគាត់ភ័យឆោឡោស្រែកហៅកូនចៅឱ្យឡើងមកជួយមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។
ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែភ្លើងចងក ជាប់នឹងធ្នឹមផ្ទះ។ ជាមួយនេះ នៅក្បែរសព សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំមួយច្បាប់ ដែលជនរងគ្រោះសរសេរដោយផ្ទាល់ដៃ បន្សល់ទុកឱ្យឪពុកម្តាយ និងស្រីស្នេហ៍របស់ខ្លួន៕