ខេត្តតាកែវ ៖ បុរសល្មោភកាមម្នាក់ឃើញក្មេងស្រីវ័យ១១ឆ្នាំ ដើរតែម្នាក់ឯង ក៏ចាប់អូសដៃចូលទៅក្នុងប្រឡាយលូទឹក រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច និងថែមទាំងគំរាមមិនឱ្យក្មេងស្រីនិយាយប្រាប់អ្នកណាម្នាក់ដាច់ខាតពុំនោះទេ គេនឹងសម្លាប់ចោល លុះក្រោយមក ស្ត្រីជាម្តាយឃើញសភាពកូនស្រីស្លេកស្លាំងខុសធម្មតា ក៏ហៅមកសួរនាំ ទីបំផុតកូនស្រីក៏ទម្លាយការពិតថា នាងត្រូវប្រុសព្រានចាប់រំលោភនៅក្នុងលូ ទើបប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ចាប់ខ្លួនជនល្មោភកាម នាំយកមកចាត់ការតាមច្បាប់។
ករណីប្រុសព្រានចាប់រំលោភក្មេងស្រីនេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចប្រឡាយលូទឹក ស្ថិតក្នុងភូមិចិន ឃុំធ្លក ស្រុកទ្រាំង។ លុះរឿងរ៉ាវបែកធ្លាយ និងត្រូវបានម្តាយក្មេងស្រីដាក់ពាក្យប្តឹង ជនសង្ស័យល្មោភកាមរូបនោះ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
ជនសង្ស័យដែលចាប់រំលោភកូនស្រីគេ និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះសោ ញ៉ឹប អាយុ៥០ឆ្នាំ មានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះគ.ច.ន អាយុ១១ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមសម្តីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ដោយសារតែឃើញសភាពរបស់កូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) មានសភាពស្លេកស្លាំង ខុសប្លែកពីធម្មតា ទើបគាត់នឹកឆ្ងល់ ក៏ហៅកូនស្រីមកសួរនាំចង់ដឹងថាកូនស្រីមានរឿងអ្វី ឬមាន ជំងឺអ្វី។ ដំបូងឡើយ កូនស្រីហាក់អល់អែកមិនចង់ឆ្លើយសោះ ទើបធ្វើឱ្យគាត់មានការសង្ស័យកាន់តែខ្លាំង ក៏ឈ្លេចសួរនាំ ទីបំផុតកូនស្រីក៏បានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ខណៈដែលនាងកំពុងដើរតែម្នាក់ឯង នៅក្បែរប្រឡាយលូទឹក ស្ថិតក្នុងទីតាំងកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យឈ្មោះសោ ញ៉ឹប ដែលរស់នៅក្នុងភូមិជាមួយគ្នា បានស្ទុះមកចាប់អូសដៃរបស់នាងចូលទៅក្នុងលូទឹក រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច និងថែមទាំងគំរាមមិនឱ្យនាងនិយាយប្រាប់អ្នកណាដាច់ខាត ពុំនោះទេគេនឹងសម្លាប់ចោល។ បន្ទាប់ពីស្តាប់កូនស្រីរៀបរាប់ចប់ គាត់ក៏ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់តែម្តង៕