Tuesday, January 21, 2025
Homeសង្គម និងជីវិតអត់លទ្ធភាពប្តូរក្រលៀន សុំនាយករដ្ឋមន្ត្រីជួយ

អត់លទ្ធភាពប្តូរក្រលៀន សុំនាយករដ្ឋមន្ត្រីជួយ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាគ្រូបង្រៀនម្នាក់ ព្រោះតែកើតមានជំងឺខូចតម្រងនោម ពេទ្យតម្រូវឱ្យលាងឈាមរៀងរាល់សប្តាហ៍ រហូតដល់ចាំបាច់ត្រូវប្តូរក្រលៀន ប៉ុន្តែគ្មានលទ្ធភាព ក៏សំពះអំពាវនាវសុំជំនួយពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីមានលទ្ធភាពព្យាបាលបន្តជីវិត បម្រើការងារជូនប្រទេសជាតិទៅមុខទៀត។

ស្ត្រីជាគ្រូបង្រៀនដែលមិនមានលទ្ធភាពប្តូរក្រលៀន ស្នើសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រីនេះ មានឈ្មោះវន់ សុទ្ធារី អាយុ៣៨ឆ្នាំ មុខរបរជាគ្រូបង្រៀន នៅវិទ្យាល័យអូរជ្រៅ មានទីតាំងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា អ្នកគ្រូ វន់ សុទ្ធារី ដែលបានប្រើការងារក្នុងវិស័យអប់រំអស់រយៈពេលជិត២០ឆ្នាំមកហើយនោះ បានធ្លាក់ខ្លួនកើតមានជំងឺខូចតម្រង់នោះ និងត្រូវបានគ្រូពេទ្យតម្រូវឱ្យធ្វើការលាងឈាម ចំនួន២ដងក្នុងមួយសប្តាហ៍។ ប៉ុន្តែបន្ទាប់ពីធ្វើការលាងឈាមអស់រយៈពេល ២ឆ្នាំមកហើយ នៅតែមិនបានធូរស្រាល ណាមួយខ្វះខាតលទ្ធភាពទៀតនេះ ទើបគ្រូពេទ្យបានណែនាំថា ជម្រើសចុងក្រោយ មានតែការប្តូរក្រលៀនប៉ុណ្ណោះ ដែលចាំបាច់ត្រូវចំណាយថវិកាយ៉ាងច្រើន ជាហេតុធ្វើឱ្យអ្នកគ្រូរូបនេះគ្មានលទ្ធភាព ក៏សំពះអង្វរអំពាវនាវសុំការសង្គ្រោះពីសម្តេចហ៊ុន សែន តែម្តង។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Ah Ign Hout កាលពីពេលថ្មីៗនេះ បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គហ្វេសប៊ុក ដោយបានរៀបរាប់ថា “នាងខ្ញុំឈ្មោះវន់ សុទ្ធារី  ភេទស្រី អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបម្រើការអស់រយៈពេល១៨ឆ្នាំមកហើយ។ នាងខ្ញុំមានជំងឺខូចតម្រង់នោម ហើយរាល់ថ្ងៃនេះ ពេទ្យតម្រូវឱ្យទៅ លាងឈាមមួយសប្តាហ៍ពីរដង អស់រយៈពេលពីរឆ្នាំ ដោយអស់លទ្ធភាពព្យាបាលជំងឺ ពេទ្យតម្រូវឱ្យនាងខ្ញុំដូរក្រលៀន ហើយនាងខ្ញុំគ្មានលទ្ធភាពក្នុងការផ្លាស់ប្តូរ នាងខ្ញុំសូមឱ្យសម្តេចជួយក្នុងការព្យាបាលដោយចិត្តសន្តោសប្រណី ដើម្បីឱ្យនាងខ្ញុំបានបម្រើការជូនប្រទេសជាតិតទៅមុខទៀត…”៕

RELATED ARTICLES