Tuesday, January 21, 2025
Homeសង្គម និងជីវិតរថយន្តដឹកកម្មករក្រឡាប់ របួសធ្ងន់ស្រាល៣៥នាក់

រថយន្តដឹកកម្មករក្រឡាប់ របួសធ្ងន់ស្រាល៣៥នាក់

ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកកម្មករមួយគ្រឿង ផ្ទុកទៅដោយកម្មករ-កម្មការិនីពេញរថយន្ត (ជិត៤០នាក់) ទើបនឹងចេញពីរោងចក្រ បំណងត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ត្រូវបានអ្នកបើកបររថយន្តបើកក្នុងល្បឿនយ៉ាងលឿន និងធ្វើការវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យរេចង្កូតក្រឡាប់ដោយខ្លួនឯង ចាក់កម្មករចោលពេញផ្លូវ ធ្វើឱ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន៣៥នាក់។

ករណីក្រឡាប់រថយន្តដឹកកម្មករខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំពីមុខខ្លោងទ្វាចូលបន្ទាយសាលាជើងគោក ស្ថិតនៅភូមិពោធិថ្មី ឃុំដំណាក់រាំង ស្រុកឧដ្តុង្គ។

រថយន្តបង្កដែលក្រឡាប់ចាក់កម្មករចោលបណ្តាលឱ្យមានអ្នករបួសធ្ងន់ស្រាលចំនួន៣៥នាក់ ជាប្រភេទរថយន្តកូរ៉េ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ K-៧១៨៧ ភព២ បើកបរដោយឈ្មោះដួង គឹមតុង ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិពោធិថ្មី ឃុំដំណាក់រាំង ស្រុកឧដ្តុង្គ។ ចំណែកក្រុមកម្មករ-កម្មការិនីដែលទទួលរងរបួស សមត្ថកិច្ចនៅពុំទាន់ស្រង់អត្តសញ្ញាណអស់នៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េដឹកកម្មករខាងលើ ទើបនឹងដឹកកម្មករចេញពីរោងចក្រ បំណងត្រឡប់ទៅផ្ទះវិញរៀងខ្លួន ដោយធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានព្យាយាមបន្ថែមល្បឿនវ៉ាជែងរថយន្ត១គ្រឿងទៀត បើកក្នុងទិសដៅស្របគ្នា លុះវ៉ាមិនផុត បែរជារេចង្កូតក្រឡាប់ធ្លាក់ផ្លូវចាក់កម្មករចោល ឱ្យរងរបួសធ្ងន់ចំនួន៥នាក់ និងរងរបួសស្រាលចំនួន៣០នាក់៕

RELATED ARTICLES