ខេត្តកណ្តាល៖ ជារឿងដ៏គួរឱ្យរន្ធត់ចិត្ត និងអាណិតអាសូរបំផុត ចំពោះនារីវ័យក្មេងម្នាក់នេះ ដែលត្រូវមកជួបរឿងអកុសល កើតមានជំងឺប្រចាំកាយ (ទឹកនោមប្រៃ និងបេះដូង) និងត្រូវបាននាងព្យាយាមជំនះនឹងជំងឺដ៏កាចសាហាវនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទីបំផុត នៅតែមិនអាចឈ្នះ រហូតត្រូវបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ត្រឹមវ័យ១៨ឆ្នាំប៉ុណ្ណោះ ជាហេតុធ្វើឱ្យឪពុកម្តាយ ក្រុមគ្រួសារយំសោកបោកខ្លួន ព្រោះតែស្តាយស្រណោះជីវិតកូនស្រី។
ក្រមុំអភ័ព្វខាងលើនេះ មានឈ្មោះយិន ផល្លី ទើបនឹងមានវ័យ១៨ឆ្នាំប៉ុណ្ណោះ។ ក្រមុំអភ័ព្វរូបនេះ បានលាចាកលោកទៅ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ដោយសារជំងឺទឹកនោមប្រៃ និងបេះដូងប្រចាំកាយ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Veasna Yin ដែលត្រូវជាបងស្រីបង្កើតរបស់នារីរងគ្រោះ បានបង្ហោះសារទុក្ខសោកមួយ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ថា “ទេពធីតាបង ទៅចោលបងហើយ តែប្អូនទៅដោយប្រសើរ បានបួសកាន់សីល៨ខ្ជាប់ខ្ជួន ស្មារតីចុងក្រោយ នៅតែក្នុងធម៌។ បងចង់ប្រាប់ប្អូនថា ប្អូនប្រសើរជាងមនុស្សអាយុវែង តែជាបុគ្គលដែលគ្មានសីល ចិត្តពោរពេញដោយការខឹងក្រោធ លោភលន់ ចង់បានអំណាច៘ my sister អាយុ១៨ស្លាប់ដោយជំងឺ…”។
ដោយឡែកយោងតាមគណនីហ្វេសប៊ុកឈ្មោះ Saa Saa កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហោះនូវកំណាព្យមួយ ដែលសរសេរឡើងដោយបងបង្កើតរបស់នារីរងគ្រោះ និងបានរៀបរាប់ទាំងស្រុងពីរឿងរ៉ាវជីវិតរបស់ប្អូនស្រីខ្លួន ដែលកើតមានជំងឺទឹកនោមប្រៃតាំងពីវ័យក្មេង រហូតដល់ថ្ងៃបាត់បង់ជីវិត។
យោងតាមកំណាព្យដែលមានចំណងជើងថា “ការស្លាប់មិនទៀង” ដែលសរសេរឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ពោលគឺក្រោយពីនារីរងគ្រោះបាត់បង់ជីវិតបាន១ថ្ងៃនោះ មានខ្លឹមសារទាំងស្រុងថា “រូបំ ទុក្ខំ អន្តា កើតចាស់ធម្មតាតែងឈឺស្លាប់ បន្សល់ទុកនូវការឈឺចាប់ សូមលោកអ្នកស្តាប់ខ្ញុំពណ៌នា។ ប្អូនស្រីខ្ញុំឈ្មោះយិន ផល្លី កើតមកជីវីមានរោគា គ្រួសារខំថែស្រង់ពុំងារ តាំងតែនាងនានៅពីក្មេង។ មន្ទីរ ពេទ្យគន្ធបុប្ជា ខំប្រឹងព្យាបាលយ៉ាងខ្នះខ្នែង ឱ្យប្អូនបានជាផុតចំបែង មកផ្ទះរត់លេងធម្មតាវិញ។ ចំណែកពុកម៉ែគិតថាជា មិនដឹងរោគាកើតឡើង វិញ ប្អូនស៊ូទ្រាំអត់មិនបញ្ចោញ ឈឺចាប់ម្តេចមិញមិនរំខាន។ ដល់ពេលជំងឺធ្លាក់ធ្ងន់ធ្ងរ ស្រីស្រស់និមលលាក់លែងបាន ប្អូនស្រវាំងភ្នែកទាំងសងខាង ទៅរៀនលែងបានសុំមកផ្ទះ។ ដឹងភ្លាមគិតនាំប្អូនមកពេទ្យ តែប្អូនអល់អែកគិតមានៈ ថាមិនចង់ទៅសូមសំពះ អសង់លុយអ្នកផ្ទះទៀតហើយបង។ ដល់ពេទ្យហើយពិតសែនកង្វល់ ព្រោះតែលទ្ធផលស្រស់នួនល្អង ពេទ្យថាជ្រុលពេលពេកកន្លង ព្យាបាលស្នេហ៍ស្នងមិនអាចជា។ ពេលនោះគ្រួសារ អស់សង្ឃឹម ទឹកចិត្តធ្លាក់ភឹងគ្រប់ៗគ្នា ឆ្វាត់ឆ្វែងរកវិធីការពារ ឱ្យស្រស់ពុំងាររស់បានយូរ។ ប៉ុន្តែមិនសមដូចបំណង ដូចចិត្តដែលប៉ងនិងគិតគូរ ប្អូនស្រីមិនអាចរស់បានយូរ ទោះខំតស៊ូយ៉ាងណាក្តី។ ពេលប្អូនទៅភ្លាមស្រស់កន្និដ្ឋា បងស្ទើរមរណាហើយណាថ្លៃ បងបានសន្លប់បាត់ស្មារតី ព្រោះតែចរណៃឱ្យស្រណោះ។ បងសែនស្រណោះប្អូនពិសី ទើបដប់ប្រាំបីឆ្នាំប៉ុណ្ណោះ លាចាកលោកីយហើយស្រីស្រស់ ឱ្យបងអាឡោះហើយ អាល័យ។ ស្រណោះសម្តីប្អូនវាចា ទោះឈឺពើតផ្សាខំនិយាយ ថា“កុំយំពុកម៉ែបងស្រី រូបអូនមិនអីទេកុំយំ”។ សួរបងថា “ស្រលាញ់អូនទេ” ហេតុអ្វី មាសមេសួរមាសមុំ បងយំហើយឆ្លើយទាំងក្រៀមក្រំ ស្រលាញ់ទើបខំមើលថែស្ងួន។ អូនថា “បើបងស្រលាញ់អូន សូមបងឱបអូនហើយថើបអូន” បងឱបថើបទឹកភ្នែកផ្ទួនៗ ព្រោះតែរូបប្អូនម្ចាស់ថ្លើមថ្លៃ។ ញាតិមិត្តបានមកសួរនិមល ផល្លីធ្វើកលថាមិនអី ញញឹមដាក់ញាតិទាំងប្រុសស្រី រួចអូន និយាយសុំខមាលទោស។ អ្នកណាដែលថាមិនអាណិត គ្រប់គ្នាខ្លោចចិត្តសែនស្រណោះ នៅយូរទឹកភ្នែកកាន់ស្រក់ចុះ អាណិតស្រីស្រស់ស្ងួនពុំងារ។ ញាតិមិត្តសួរសុខទុក្ខរួចហើយ ផល្លីត្រាណត្រើយពោលពាក្យលា ថា“សូមអរគុណ”អ្នកគ្រប់គ្នា រូបអូនសូមលារហូតហើយ។ អូនហៅបងប្អូនមកជួប ជុំ រួចរូបអូនខំផ្តាំផ្ញើឱ្យ ប្អូនប្រុសពៅអូនត្រូវតែឆ្លីយ សន្យាប្អូនអើយខំរៀនបន្ត។ ប្អូនប្រាប់បងថា “អូនសុំបួស” កោរសក់ឱ្យអស់អូនអង្វរ កោសក់ រួចហើយអូនត្រេកអរ ថែមស្លៀកពាក់សអូនញញឹម។ រួចអូនទន្ទឹងចាំព្រះសង្ឃ វេលាថ្ងៃត្រង់អូនសង្ឃឹម បន្តិចទៀតនោះនឹងបានដឹង ថាព្រះសង្ឃ នឹងមកដល់នោះ។ វេលាម៉ោងពីរមកដល់មែន ព្រះសង្ឃសម្តែងនិងបំបួស ដល់រូបប្អូនខ្ញុំមិនឱ្យហួស ពេលចប់បំបួសក្ស័យសង្ខារ។ បើសិនជាកាត់ ជីវិតបាន បងឱ្យកល្យាណពាក់កណ្តាល បងមិនឱ្យប្អូនសូន្យសង្ខារ ចាកចោលគ្រួសារបែបនេះទេ…”។
បន្ទាប់ពីបានដឹងរឿងរ៉ាវជីវិតរបស់ក្រមុំអភ័ព្វខាងលើ ពិសេសក្រោយពីបានអាននូវកំណាព្យខាងលើរួចហើយ អ្នកលេងហ្វេសប៊ុកជាច្រើន បានសម្តែងនូវអារម្មណ៍រន្ធត់ចិត្ត រហូតខ្លះបានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះតែអាណិតអាសូរដល់ក្រមុំអភ័ព្វ យិន ផល្លី ដែលកើតមកជួប នូវវាសនាអភ័ព្វ កើតមានជំងឺដ៏កាចសាហាវ រហូត មិនអាចតតាំងជម្នះបាន ក៏ត្រូវលាចាកលោកទៅទាំងវ័យក្មេង។ ជាមួយនេះ ក៏មានការចូលរួម រំលែកទុក្ខ និងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ក្រមុំអភ័ព្វ យិន ផល្លី បានទៅកាន់ទីស្ងប់សុខ ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ពិសេសសុំឱ្យជាតិក្រោយៗ កើតមកកុំឱ្យមានវាសនាអភ័ព្វដូចជាតិនេះទៀត៕