Tuesday, January 21, 2025
Homeសង្គម និងជីវិតទើបចេញពីគុក តាមរកមុខសត្រូវ ដែលកាប់ដាច់ក្តោងច្រមុះ

ទើបចេញពីគុក តាមរកមុខសត្រូវ ដែលកាប់ដាច់ក្តោងច្រមុះ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ធ្លាប់ជាប់ពន្ធនាគារចំនួន៤ដងរួចមកហើយ លុះទើបនឹងចេញពីពន្ធនាគារថ្មីៗ ក៏តាមរកគូទំនាស់ចាស់ ដល់ពេលបានជួបមុខក៏ទាញកាំបិតកាប់ប្រហារ បណ្តាលឱ្យដាច់ក្តោងច្រមុះរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិវល្លិសរ ឃុំវល្លិស ស្រុកសំរោងទង។ លុះមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនដៃដល់បាន នៅចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង។

 

ជនដៃដល់ដែលទើបចេញពីគុក កាប់គូទំនាស់ដាច់ក្តោងច្រមុះ មានឈ្មោះហួន ប៊ុនហេង អាយុ៣៣ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារ៤លើករួចមកហើយ បច្ចុប្បន្នរស់នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង។ ចំណែកជនរងគ្រោះ មានឈ្មោះធឹម វិចិត្រ អាយុ២៨ឆ្នាំ រស់នៅភូមិតាកេរ្តិ៍ ឃុំរលាំងចក ស្រុកសំរោងទង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនដៃដល់ខាងលើ គឺជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន៤ដងរួចមកហើយ ហើយថ្មីៗនេះ ជននេះទើបចេញពីពន្ធនាគារ។ ក្រោយពេលចេញមកពីគុក ជនដៃដល់បានព្យាយាមដើរតាមរកជនរងគ្រោះ ដើម្បីដោះស្រាយគំនុំចាស់ រឿងដោះដូរម៉ូតូគ្នា រហូតមកដល់វេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ជនដៃដល់ក៏បានប្រទះឃើញជនរងគ្រោះនៅចំណុចផ្លូវលំ ក្នុងភូមិវល្លិស ឃុំវល្លិស ស្រុកសំរោងទង រួចក៏ទាញកាំបិតស្ទុះទៅកាប់ប្រហារជនរងគ្រោះចំក្តោងច្រមុះ បណ្តាលឱ្យដាច់ក្តោងច្រមុះរងរបួសយ៉ាងធ្ងន់ និងត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

RELATED ARTICLES