ខេត្តសៀមរាប ៖ នារីវ័យក្មេងចំនួន២នាក់នៅសុខៗ ក៏បានចេញបាត់ពីផ្ទះដោយគ្មានដំណឹង ទោះឪពុកម្តាយ ក្រុមគ្រួសារតាមស្វែងរកយ៉ាងណាក៏មិនឃើញសោះ ជាហេតុធ្វើឱ្យឪពុកម្តាយកំពុងព្រួយបារម្ភពីសុវត្ថិភាពកូនស្រី និងសង្ស័យថា កូនស្រីអាចនឹងត្រូវមនុស្សប្រុសលួងលោមពង្រត់ចេញពីផ្ទះ។
នារីវ័យក្មេងទាំង២នាក់ ដែលបាត់ខ្លួនចេញពីផ្ទះ រួមមាន ទី១-ឈ្មោះហេង រីណា និងទី២-ឆ្មោះហម ស្រីលីន មានលំនៅក្នុងភូមិខ្នារ ឃុំជ្រាវ ខេត្តសៀមរាប។ អ្នកទាំងពីរបានបាត់ខ្លួនចេញពីផ្ទះ តាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨។

យោងតាមគណនីហ្វេសប៊ុករបស់សាច់ញាតិនារីវ័យក្មេងទាំង២នាក់ខាងលើ បានបញ្ជាក់ឱ្យដឹងថា “ខ្ញុំជាម្តាយឪពុក បានបាត់កូន បាត់ចៅ ២នាក់ ១.ហេង រីណា ២.ហម ស្រីលីន បាត់តាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ មកទល់ពេលនេះ មិនទាន់រកឃើញទេ។ ខ្ញុំជាឪពុកម្តាយ បងប្អូន បានខិតខំស្វែងរកគ្រប់ច្រកល្ហកអស់ហើយក្នុងខេត្តសៀមរាប តែរកមិនឃើញសោះ។ អាស្រ័យដូចបានជំរាបខាងលើ សូមបងប្អូនក្នុងសង្គមហ្វេសប៊ុក មេត្តាជួយស៊ែរក្នុងហ្វេសប៊ុកផង។ ខ្ញុំសង្ឃឹម និងសូមអរគុណបងប្អូនទុកជាមុន។ ទីលំនៅបច្ចុប្បន្ន ភូមិខ្នារ ឃុំជ្រាវ ខេត្តសៀមរាប នេះជាលេខទូរស័ព្ទទំនាក់ទំនងឪពុកម្តាយ ០១២ ៣០ ៩៤ ៣៦ / ០៨៨ ៣៥៦ ៩៩ ៧២…”។
តាមប្រភពពីសាច់ញាតិនារីទាំង២នាក់ដែលបាត់ខ្លួន បានឱ្យដឹងថា នៅមុនពេលកើតហេតុ អ្នកទាំង២នាក់ បាននាំគ្នាចេញពីផ្ទះជាមួយគ្នា ចំណែកក្រុមគ្រួសារ នឹកស្មានថា ពួកនាងចេញទៅលេងផ្ទះមិត្តភក្តិក្នុងភូមិ លុះក្រោយមក បាត់យូរពេក ក៏ទៅតាមរកតែមិនប្រទះឃើញសោះ លុះតាមសួរមិត្តភក្តិរបស់ពួកនាងក៏គ្មានអ្នកណាម្នាក់បានដឹងដែរ ជាហេតុធ្វើឱ្យក្រុមគ្រួសារ មានការព្រួយបារម្ភ និងសង្ស័យថា កូនស្រីរបស់គាត់ ត្រូវយុវជនដែលមានទំនាក់ទំនងស្នេហាជាមួយគ្នានោះ លួងលោមយកទៅតែម្តង។ អ្វីដែលកំពុងធ្វើឱ្យគាត់ជាម្តាយ ព្រួយបារម្ភនោះ គឺខ្លាចមានគេ ចាប់បង្ខាំង ឬធ្វើបាបកូនស្រី រហូតដល់ថ្នាក់ ប៉ះពាល់ដល់អាយុជីវិត។

យ៉ាងណា ក្នុងនាមជាម្តាយ គាត់សូមប្រកាសប្រាប់កូនស្រីថា ពេលនេះម្តាយកំពុងនឹក និងបារម្ភពីកូនស្រីខ្លាំងណាស់ ហេតុនេះ ប្រសិនបើកូនស្រីបានឮដំណឹងនេះហើយ សូមកូនស្រីប្រញាប់វិលត្រឡប់មកផ្ទះវិញ ឬផ្តល់ដំណឹងដល់ម្តាយ ដើម្បីទៅទទួលយកកូនស្រីមកវិញ៕