Sunday, November 2, 2025
Homeព័ត៌មានជាតិអស់ហើយការទ្រាំ អត់ធ្មត់ ប្តឹងប៉ូលិសវាយខ្នោះប្តី

អស់ហើយការទ្រាំ អត់ធ្មត់ ប្តឹងប៉ូលិសវាយខ្នោះប្តី

ខេត្តឧត្តរមានជ័យ ៖  បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងជោកជាំ ត្រឡប់មកដល់ផ្ទះវិញ ក៏រករឿងឈ្លោះប្រកែក បោកកម្ទេចរបស់របរក្នុងផ្ទះ បណ្តាលឱ្យបែកអស់គ្មានសល់ លុះគ្រាន់តែប្រពន្ធស្តីបន្ទោសតិចតួច ក៏ស្ទុះទៅទាញកាំបិតផ្គាក់កាប់ប្រហារប្រពន្ធចំខ្នងដៃ បណ្តាលឱ្យរងរបួស រហូតដល់ប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ យកទៅចាត់ការតាមច្បាប់។

ករណីប្តីស្រវឹងទាញកាំបិតកាប់ប្រពន្ធឱ្យរងរបួស បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងស្វាយ ឃុំបេង ស្រុកបន្ទាយអំពិល។

ជនដៃដល់ជាប្តីដែលកាប់ប្រពន្ធឱ្យរងរបួស និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរស់ ខន ហៅពៅ អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះជួ នួន អាយុ៥០ឆ្នាំ មុខរបរមេផ្ទះ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ដោយសារតែទ្រាំនឹង ទង្វើឃោរឃៅរបស់ប្តីប្រមឹករូបនេះលែងបាន ទើបគាត់បានរត់ទៅប្តឹងឱ្យ សមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនប្តីកំណាចយកទៅចាត់ការតាមច្បាប់។

ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ សមត្ថកិច្ចបានចុះទៅនាំខ្លួនជនសង្ស័យមកសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES