ខេត្តរតនគិរី ៖ នារីវ័យក្មេងម្នាក់ ទើបនឹងសម្រាលកូនបាន២ខែ ស្រាប់តែកើតមានទំនាស់ពាក្យសម្តីនឹងប្តីបន្តិចបន្តួច ក៏ត្រូវប្តីអន់ចិត្តចុះចោលប្រពន្ធកូន ទៅស្នាក់នៅផ្ទះឪពុកម្តាយបង្កើតរបស់ខ្លួន អស់រយៈពេល៣ថ្ងៃមកហើយ មិនឃើញត្រឡប់មកវិញសោះ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធឈឺចិត្តស្អិតទ្រូង ដាច់ចិត្តគិតខ្លី ចងកបញ្ចប់ជីវិតចោលកូនខ្ចីទើបនឹងអាយុ២ខែ គួរឱ្យសង្វេគ។

ករណីប្រពន្ធខឹងប្តីចុះចោលផ្ទះ មិនត្រឡប់មកវិញ ក៏ដាច់ចិត្តចងកសម្លាប់ខ្លួនចោលប្តី និងកូនតូចអាយុ២ខែនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចខ្ទមចម្ការរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិប៉ាណល់ ឃុំទីងចាក់ ស្រុកបរកែវ។
នារីគំនិតខ្លី ដែលចងធ្វើអត្តឃាតរូបនេះ មានឈ្មោះពីន ណាត់ អាយុ២៥ឆ្នាំ ជាជនជាតិទំពួន មានប្តីឈ្មោះទីង ហុង មុខរបរកសិករ និងមានកូនតូចម្នាក់ទើបនឹងអាយុ២ខែប៉ុណ្ណោះ។ ក្រុមគ្រួសារមួយនេះ សព្វថ្ងៃស្នាក់នៅក្នុងខ្ទមចម្ការតូចមួយ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន។ មូលហេតុដោយសារតែតូចចិត្តរឿងប្តីចុះចោលផ្ទះ៣ថ្ងៃ មិនព្រមត្រឡប់មកវិញ ទើបបានជាគិតខ្លីធ្វើអត្ត ឃាតបែបនេះតែម្តង។
សាកសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕