តារាចម្រៀងក្លាយទៅជាថៅកែពុះដីឡូតិ៍លក់ ព្រាប សុវត្ថិ ដែលកំព្រាឪពុកតាំងពីសម្រាលភ្លាមៗ ក្រោមដើមស្នាយក្នុងរបបប៉ុលពត ហើយរស់នៅជាមួយម្តាយ ដែលលោកគឺជាកូនទោលម្នាក់ ថ្មីៗនេះ តារាចម្រៀងហង្សមាសរូបនេះ បានធ្វើឱ្យម្តាយរបស់លោកភ្ញាក់ផ្អើល តាមរយៈការជូនកាដូរថយន្ត Ford ស៊េរីឆ្នាំ2018 ពណ៌ស ដ៏ថ្មីសន្លាង1គ្រឿង ទើបធ្វើឱ្យម្តាយលោកបានពោលពាក្យសរសើរជាសាធារណៈចំពោះភាពកត្តញ្ញូរបស់តារាចម្រៀងរូបនេះមកលើម្តាយ។
ម្តាយព្រាប សុវត្ថិ ដែលឈរថតជាមួយរថយន្តថ្មី ទើបបកស្រោមនោះ ថ្លែងថា “អរគុណណាស់កូនសម្លាញ់ សម្រាប់កាដូដ៏ភ្ញាក់ផ្អើលមួយនេះ”។
ព្រាប សុវត្ថិ ដែលមានតែ2នាក់ម្តាយ ធ្លាប់រកត្រីតាមលូ ក្រោយសម័យខ្មែរក្រហម នោះ ធ្លាប់នាំម្តាយដើរកម្សាន្តនៅប្រទេសជិតខាង និងតំបន់ទេសចរណ៍ជាច្រើនក្នុងស្រុក បើទោះជាលោកមានការមមាញឹកជាមួយអាជីពសិល្បៈយ៉ាងណាក៏ដោយ។
ព្រាប សុវត្ថិ និងម្តាយជាកងទ័ពបម្រើខាងសិល្បៈតន្ត្រីដូចគ្នា ហើយថ្មីៗនេះ តារាចម្រៀងហង្សមាស រូបនេះ បានងាកទៅបោះទុនខ្ទង់លានដុល្លារ ក្នុងការទិញដីពុះដីឡូតិ៍លក់។
ប្រភពបានឱ្យដឹងថា មុនទិញរថយន្តទំនើបជូនម្តាយនេះ ព្រាប សុវត្ថិ ក៏បានសាងសង់ផ្ទះឱ្យម្តាយក្មេក លោកអ្នកស្រីឡុង ចន្ធូ យ៉ាងខ្ពស់សន្លឹមនៅក្បែរវត្តសំរោងអណ្តែត ផងដែរ ទើបធ្វើឱ្យក្រុមគ្រួសារទាំងសងខាង សុទ្ធតែបានសរសើរពីទឹកចិត្តតារាចម្រៀងរូបនេះថា ជាកូននិងកូនប្រសា ដែលល្អកម្ររកបាន។
ព្រាប សុវត្ថិ ស្ថិតក្នុងចំណោមតារាដែលមានទ្រព្យច្រើននៅកម្ពុជា មានដូចជា លោកចា រិទ្ធី, ខេមរៈ សិរីមន្ត, ឆាយ វីរៈយុទ្ធ, យុគ ចិន្តា, គង់ សុជាតិ, ខាត់ សុឃីម, កែវ ស្រីនាង ជាដើម។ នៅឆ្នាំ2018នេះ ព្រាប សុវត្ថិ ជិះរថយន្តទំនើប 2គ្រឿង ឆ្លាស់គ្នា គឺ Range Rover និង Ford 12កៅអី សរុបតម្លៃឡានទាំង2គ្រឿង ជាង20ម៉ឺនដុល្លារ៕