ខេត្តព្រៃវែង ៖ បុរសម្នាក់បានជិះរថយន្តតាក់ស៊ីបំណងទៅលេងស្រុក លុះរថយន្តបើកលើខ្នងប្រឡាយក្នុងល្បឿនលឿនពេក ក៏បណ្តាលឱ្យរេចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងទឹក បណ្តាលឱ្យជនរងគ្រោះ ទំនងជារងរបួសធ្ងន់ពេក លូនចេញពីរថយន្តមិនរួច ក៏ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចប្រឡាយចិន ស្ថិតក្នុងភូមិព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ។
ជនរងគ្រោះដែលឈ្លក់ទឹកស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តតាក់ស៊ីចូលប្រឡាយនេះ មានឈ្មោះសុខ ហើយ អាយុ៣០ឆ្នាំ មានលំនៅក្នុងខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលរងរបួសធ្ងន់ មានឈ្មោះសៅ លីន ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល។ ដោយឡែកអ្នកបើកបររថយន្តតាក់ស៊ី មានឈ្មោះចាន់ ណែង អាយុ២៦ឆ្នាំ រងរបួសស្រាល (លូនចេញពីរថយន្តហែលទឹកឡើងគោកទាន់ពេល)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើ បានជិះរថយន្តតាក់ស៊ីមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌លឿង ពុំមានស្លាកលេខ បើកបរដោយឈ្មោះចាន់ ណែង ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង តាមខ្នងប្រឡាយចិន ដែលទើប ជីកថ្មី លុះពេលមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្តបើកលឿនពេក ទើបបណ្តាលឱ្យរេចង្កូតក្រឡាប់ ធ្លាក់ចូលទៅក្នុងប្រឡាយ លិចរថយន្តបាត់នៅសល់តែជញ្ជាំងរថយន្តម្ខាងប៉ុណ្ណោះ។
ប្រភពដដែលនេះ បានបន្តទៀតថា ក្រោយពេលកើតហេតុភ្លាមៗ អ្នកបើកបររថយន្តខាងលើ បានលូនចេញពីរថយន្ត ហែលទឹកឡើងលើគោករួចដោយសុវត្ថិភាព។ ចំណែកជនរងគ្រោះឈ្មោះសៅ លីន ក៏បោកនឹងរថយន្តរបួសខ្លាំងដែរ ប៉ុន្តែដោយសារតែនៅ មានស្មារតីរឹងមាំ ប្រឹងលូនចេញមកក្រៅរថយន្តរួច ទើបមិនបណ្តាលឱ្យឈ្លក់ទឹកស្លាប់ គឺគ្រាន់តែរបួសធ្ងន់ និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ដោយឡែក ជនរងគ្រោះឈ្មោះសុខ ហើយដោយសារតែពេលក្រឡាប់នោះបោកក្បាលនឹងរថយន្តរបួសធ្ងន់ពេក ធ្វើឱ្យចេញពីរថយន្ត មិនរួច ក៏ត្រូវឈ្លក់ទឹកស្លាប់នៅក្នុងរថយន្តនោះតែម្តង៕