ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុសម្នាក់ បានដើរលេងនៅលើដងផ្លូវតែម្នាក់ឯង ស្រាប់តែត្រូវរថយន្តមួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលចង្កូតមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៨៧-៨៨ ស្ថិតក្នុងភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
ក្មេងប្រុសរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានអាយុ១១ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែករថយន្តបង្ក ម៉ាកឡិចស៊ីស RX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-5608 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានបើកទ្វារចុះពីលើ រថយន្តរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុកក្មេងប្រុសរងគ្រោះខាងលើ កំពុងដើរតាមដងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់ពេទ្យមណ្ឌលសុខភាពឃុំត្រែងត្រយឹង ភ្លាមៗដែរ តែអកុសលដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបក្មេងប្រុសរងគ្រោះ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕