ខេត្តកំពង់ស្ពឺ ៖ យុវជនឈាមរាវម្នាក់ ព្រោះតែតូចចិត្តនឹងរឿងឪពុកម្តាយស្តីបន្ទោស ក៏ដាច់ចិត្តគិតខ្លី ចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកឧដុង្គ។
យុវជនចិត្តខ្លាំងគំនិតខ្លី ដែលចងកធ្វើអត្តឃាតរូបនេះ មានឈ្មោះប៉ាង គីមឈៀ អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីឪពុកម្តាយរបស់យុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសម្នាក់នេះ (ជនរងគ្រោះ) មិនមានការងារអ្វីធ្វើនោះទេ រាល់ថ្ងៃ ដើរលេងប៉ោឡែអត់ប្រយោជន៍ និងសេពគប់តែជាមួយក្រុមក្មេងទំនើងប្រចាំភូមិ រហូតដល់លង់ខ្លួនជាមួយនឹងគ្រឿងស្រវឹង គ្រឿងញៀន ដកខ្លួនមិនរួច ហើយទោះជាឪពុកម្តាយស្តីប្រដៅ អប់រំ អូសទាញឱ្យងាកមករកផ្លូវល្អវិញយ៉ាងណា ក៏កូនប្រុសនេះមិនខ្ចីយកត្រចៀកស្តាប់ឡើយ។
ឪពុកម្តាយយុវជនរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ កូនប្រុសនេះទើបនឹងត្រឡប់មកពីក្រៅផ្ទះ មិនដឹងជាទើបនឹងមកពីផឹកស៊ី ឬជក់គ្រឿងញៀននោះទេ លុះចូលមកដល់ផ្ទះ ពួកគាត់ជាឪពុកម្តាយ ក៏ហៅកូនប្រុសមកស្តីបន្ទោស អប់រំ កុំឱ្យដើរលេងច្រើនពេក គួរទុកពេលទំនេរជួយការងារផ្ទះឪពុកម្តាយ ពិសេសត្រូវផ្តាច់ថ្នាំញៀនឱ្យបាន ខ្លាចលង់ខ្លួនកាន់តែយូរទៅ កូនប្រុសមិនត្រឹមតែខូចខ្លួនខូចសតិអារម្មណ៍នោះទេ អាចនឹងបង្កជារឿងរ៉ាវផ្តេសផ្តាស ក្លាយជាបទល្មើសទៀតផង។
ឪពុកម្តាយជនរងគ្រោះ បានបញ្ជាក់ថា បន្ទាប់ពីត្រូវពួកគាត់ស្តីបន្ទោសរួច កូនប្រុសនេះ ក៏បានឡើងទៅសម្ងំលើផ្ទះបាត់ទៅ រហូតដល់វេលាម៉ោង៧យប់ មិនឃើញចុះមកហូបបាយ ទើបនាំគ្នាឡើងទៅមើល ស្រាប់តែប្រទះឃើញកូនប្រុស បានចងកសម្លាប់ខ្លួនបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ៕