Wednesday, August 27, 2025
Homeសង្គម និងជីវិតអូនសុំបែក បងមិនព្រម ចាប់លើកដាក់ម៉ូតូ

អូនសុំបែក បងមិនព្រម ចាប់លើកដាក់ម៉ូតូ

ខេត្តសៀមរាប ៖ គូស្នេហ៍វ័យក្មេងមួយគូនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីខាងប្រុសអះអាងថា ខាងស្រីជាគូដណ្តឹងចង់បែកចិត្ត ទើបព្យាយាមចាប់ដាក់ម៉ូតូដឹកទៅស្រុកកំណើតដោះស្រាយគ្នា ប៉ុន្តែខាងស្រីមិនព្រម ព្យាយាមក្រាញននៀល មិនឡើងម៉ូតូ លុះប្រុសបង្ខំចាប់លើកដាក់ម៉ូតូ ខាងស្រីក៏ដាច់ចិត្តលោតចុះ ស្រែកហៅគេឯងឱ្យជួយ ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះមកនាំភាគីទាំងសងខាងទៅ ដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាល។

ករណីវិវាទគូស្នេហ៍វ័យក្មេងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង១៥នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចហាងកាហ្វេ កែងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

គូស្នេហ៍ដែលកើតមានការទាស់ទែងខ្វែងគំនិតគ្នាខាងលើនេះ ភាគីខាងប្រុសមានឈ្មោះសេង សុភ័ក្រ មានអាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិភ្នំដែក ស្រុករវៀង ខេត្តព្រះវិហារ។ ចំណែកភាគីខាងស្រី មានឈ្មោះស៊្រាង គឹមលាង អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភាគីខាងប្រុស ជិះម៉ូតូ១គ្រឿង ម៉ាក Zoomer-X ពាក់ ស្លាកលេខ សៀមរាប 1AB-8998 ទៅឈប់មុខហាងកាហ្វេឈ្មោះ Ecofan ហើយហៅនារីម្នាក់នៅទីនោះឱ្យទៅជាមួយខ្លួន ប៉ុន្តែទំនងជាភាគីខាងស្រី មិនព្រមទៅជាមួយ ទើបយុវជននោះបានចាប់បង្ខំខាងស្រីឱ្យឡើងជិះម៉ូតូ ហើយនិយាយថា អូនត្រូវតែទៅជាមួយបង។

ប្រភពដដែលបន្តថា ក្រោយពីជជែកគ្នាយ៉ាងយូរ តែខាងស្រី នៅតែមិនព្រមទៅជាមួយ ស្រាប់តែគេឃើញខាងប្រុស ដែលស្លៀក ខូវប៊យ ពាក់អាវក្រហម បានចាប់ដៃខាងស្រី អូសលើកដាក់លើម៉ូតូបម្រុងបើកចេញទៅ តែត្រូវខាងស្រី បានព្យាយាមប្រវាយប្រតប់ ហើយរត់ចូលទៅក្នុងហាងកាហ្វេ ស្រែកហៅឱ្យគេជួយ។ ប៉ុន្តែទោះជានាងស្រែកយំ និងសុំឱ្យអ្នកនៅជុំវិញខ្លួនជួយយ៉ាងណា ក៏គ្មានអ្នកណាហ៊ានចូលជួយដែរ ទើបភាគីខាងប្រុស បានអូសដៃខាងស្រីចេញពីក្នុងហាង រួចចាប់បីលើកដាក់ម៉ូតូជាថ្មី ដែលធ្វើឱ្យនាងភ័យខ្លាចរហូតលោតទម្លាក់ពីលើម៉ូតូ រត់ឱ្យគេឯងឱ្យជួយ ទើបបុរសអ្នកដំណើរម្នាក់ឈប់ជួយ ហើយហៅប៉ូលិសមកអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ក៏ត្រូវខាងប្រុសបាននិយាយថា ខ្ញុំមកយកតែគូដណ្តឹងខ្ញុំទៅវិញតែប៉ុណ្ណោះ ត្បិតអីនាងមិនទាន់បានបញ្ចប់គ្នាជាមួយខ្ញុំតាមច្បាប់នោះទេ អ្នកផ្សេងកុំចេះ។ ជាមួយនេះ យុវជនរូបនោះ បាននិយាយទៅកាន់ខាងស្រីថា “យ៉ាងម៉េច អូនមកនៅទីនេះ គេនោះមានលុយអោយអូនចាយច្រើនជាងបងឬ? អូនជាគូដណ្តឹងរបស់បង យើងមិនទាន់ចប់គ្នាទេ ត្រូវតែទៅជាមួយបងវិញ…”៕

RELATED ARTICLES