ខេត្តព្រះវិហារ ៖ ស្ត្រីម្នាក់នេះ មានវាសនាអភ័ព្វខ្លាំងណាស់ រួមរស់នឹងប្តីជិត២០ឆ្នាំ ប៉ុន្តែរកក្តីសុខមិនឃើញសោះ ព្រោះតែត្រូវម្តាយក្មេកព្យាយាមតាមបំបែកបំបាក់ជាប់រហូត លុះចុងក្រោយ គ្រាន់តែទាស់សម្តីគ្នាតិចតួច ស្រាប់តែប្តីចុះចេញទៅផ្ទះម្តាយបង្កើតវិញ ជាហេតុធ្វើឱ្យ ម្តាយក្មេកបានដៃ រារាំងបង្ខាំងកូនប្រុស មិនឱ្យជួបមុខប្រពន្ធដោះស្រាយបញ្ហា និងថែមទាំងទាមទារបង្ខំឱ្យឡើងតុលាការលែងលះគ្នាទៀតផង ធ្វើឱ្យកូនប្រសាស្រីឈឺចាប់ខ្លាំងពេក បានត្រឹមស្រែកទួញយំដង្ហើយហៅប្តីត្រឡប់មករួមរស់ជុំប្រពន្ធកូនវិញ។
ស្ត្រីអភ័ព្វ ដែលត្រូវម្តាយក្មេកតាមបំបែកប្តី មិនឱ្យជួបមុខប្រពន្ធកូន មានឈ្មោះវិត នាង ហៅស្រីអូន មានស្រុកកំណើតនៅខេត្តកំពង់ធំ ប៉ុន្តែត្រូវឪពុកម្តាយនាំចេញទៅរស់នៅខេត្តព្រះវិហារតាំងពីតូចៗ សព្វថ្ងៃស្នាក់នៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ ចំណែកបុរសជាប្តី មានឈ្មោះឃុន វិចិត្រ ហៅគ្រូចឹក មុខរបរជាប្រធានការិយាល័យសេដ្ឋកិច្ច ប្រចាំសាលាខេត្តព្រះវិហារ។
តាមសម្តីនាងវិត នាង បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាងនិងប្តី បានរួមរស់នឹងគ្នាដោយមិនបានរៀបការអ្វីនោះទេ ប៉ុន្តែប្តីប្រពន្ធនាង បានចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ត្រឹមត្រូវ និងបានរួមរស់នឹងគ្នាតាំងពីឆ្នាំ២០០១ រហូតមកដល់សព្វថ្ងៃ មានកូនជាចំណងនិស្ស័យ ដល់ទៅ៣នាក់ទៅហើយ មិននឹកស្មានថា ម្តាយក្មេកនិងសាច់ថ្លៃខ្វះក្តីមេត្តា តាមបំបែកបំបាក់គ្រួសាររបស់នាងទាល់តែបាន ធ្វើឱ្យនាងរស់នៅខ្វះប្តី កូនៗខ្វះភាពកក់ក្តៅពីឪពុក ដេកយំចាំផ្លូវឪពុកត្រឡប់មកវិញជារៀងរាល់ថ្ងៃ។
នាងវិត នាង បានបន្តថា ដំបូងឡើយ ពួកនាងបានស្រលាញ់គ្នាតាំងពីប្តីរៀនមហាវិទ្យាល័យឆ្នាំទី១មកម៉្លេះ ហើយពេលនោះ ដោយសារតែជីវភាពគ្រួសារប្តីធូរធា ទើបឪពុកម្តាយ ក្រុមគ្រួសារខាងប្តីមិនពេញចិត្តនឹងនាងនោះទេ តាមបំបែកតាំងពីពេលនោះម៉្លេះ ប៉ុន្តែប្តីនាងមិនព្រមធ្វើតាម ដោយសារតែស្រលាញ់នាងខ្លាំងដែរ។ ក្រោយពីចាប់ដៃគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការរួចមក ពួកនាងរស់នៅភូមិលំហាច ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយប្តីរបស់នាង បានធ្វើជាគ្រូបង្រៀន។ ថ្ងៃមួយ ប្តីរបស់នាងបានចេញទៅផឹកស៊ីដោយយកកូនទៅជាមួយ លុះនាងទៅតាមយកកូនមកវិញ ចំពេលប្តីស្រវឹង ក៏ត្រូវប្តីច្រានធ្លាក់ពីលើលូបង្ហូរទឹកកាត់ទទឹងផ្លូវ បណ្តាលឱ្យនាងដាច់សរសៃឈាមខួរក្បាល ធ្វើឱ្យប្តីនាងប្រវេសប្រវះខ្ចីលុយគេផង ដេញតុងទីនផង ព្រមទាំងប្រមែប្រមូលលុយកាក់ទាំងអស់យកមកព្យាបាលនាងរហូតដល់បានជាសះស្បើយ ហើយតាំងពីពេលនោះមក គ្រួសារនាងក៏ត្រូវជាប់បំណុលរហូតមក។
នាងវិត នាង បានឱ្យដឹងទៀតថា លុះពេលនាងបានជាសះស្បើយ និងបន្ទាប់ពីរស់នៅស្រុកអង្គស្នួលនោះ បានជាង២ឆ្នាំ នាងក៏បបួលប្តីចេញទៅរស់នៅខេត្តព្រះវិហារវិញ ហើយពេលនោះ នាងបានដាក់ប្លង់ដីឯខេត្តព្រះវិហារនៅធនាគារ ដើម្បីយកលុយមកឱ្យប្តីសងបំណុលគេផង និងរៀបចំផ្លាស់ប្តូរការងារប្តីពីខេត្តកណ្តាល ឱ្យទៅបង្រៀននៅខេត្តព្រះវិហារវិញផង ធ្វើឱ្យបំណុលកាន់តែកើនឡើងទ្វេដង។ បន្ទាប់មកទៀត ប្តីរបស់នាងបានទាមទារប្តូរផ្លាស់ក្របខណ្ឌចេញពីក្រសួងអប់រំ (គ្រូបង្រៀន) ទៅក្រសួងមហាផ្ទៃ បម្រើការងារនៅសាលាខេត្តព្រះវិហារវិញ ទើបនាង បានចំណាយប្រាក់ដើម្បីផ្ទេរក្របខណ្ឌឱ្យប្តីទៀត។ លុះក្រោយមក ប្តីក៏បានដាក់ឆ្នោតចេញទៅរស់នៅអាមេរិកតាមរយៈក្រុមហ៊ុនមួយ ប៉ុន្តែពេលសម្ភាសន៍នៅស្ថានទូត ក៏ធ្លាក់វិញ និងបានចំណាយប្រាក់អស់ប្រមាណជិត៣ពាន់ដុល្លារឯណោះ។ សរុបមក ដោយសារតែស្រលាញ់ប្តី ចង់បំពេញបំណងប្តី ទើបនាងបានប្រឹងរកប្រាក់មកជួយយិតយោងប្តីសព្វគ្រប់បែបយ៉ាង ទីបំផុត បំណុលវណ្ឌក ឡើងដល់ទៅ ៣៣៥០០ដុល្លារ។
នាងវិត នាង បានបញ្ជាក់ថា ក្រោយពីក្រុមគ្រួសារទាំងមូលជំពាក់បំណុលគេជុំទិសបែបនេះ ធ្វើឱ្យប្តីរបស់នាងចាប់ផ្តើមតប់ប្រមល់ក្នុង ចិត្ត្ត ក៏ចេះតែមួម៉ៅក្តៅក្រហាយរករឿងឈ្លោះប្រកែកជាមួយនាងមិនឈប់។ ចំណែកនាងក៏ទទួលស្គាល់កំហុសដែរថា កន្លងមកធ្លាប់រករឿងប្តី និងថែមទាំងធ្លាប់ទាញកាំបិតដេញគប់ប្តីក៏មានដែរ ទើបធ្វើឱ្យជីវិតគ្រួសារចាប់ផ្តើមអួរអាប់ មានតែភាពរកាំរកូសមិនចេះអស់មិនចេះហើយ។ រហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ នាងនិងប្តីក៏បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាតិចតួច ស្រាប់តែប្តីខឹងសម្បា ក៏ចុះចេញពីផ្ទះ ទៅរស់នៅផ្ទះម្តាយបង្កើតរបស់គេវិញ។ ពេលនោះ នាងមិនបានទៅតាមប្តីភ្លាមៗនោះទេ ព្រោះតែចិត្តក៏នៅក្តៅខ្លះដែរ ទើបទុកពេលឱ្យគ្នាប៉ុន្មានថ្ងៃ ដើម្បីត្រជាក់ចិត្ត ចាំរកពេលនិយាយសម្រុះសម្រួលគ្នាវិញ មិននឹកស្មានថា ចន្លោះពេលដែលប្តីប្រពន្ធខ្វែងគំនិតគ្នាមួយរយៈខ្លីនេះ ធ្វើឱ្យ ម្តាយក្មេក និងក្រុមគ្រួសារសាច់ថ្លៃ បានដៃ រកលេស រកវិធីបំបែកប្តីប្រពន្ធនាងសោះ។
ស្ត្រីជាប្រពន្ធរូបនេះ បានបន្ថែមថា លុះប៉ុន្មានថ្ងៃក្រោយមក នាងក៏បានតាមទៅរកប្តីដល់ផ្ទះម្តាយក្មេក ស្រាប់តែត្រូវម្តាយក្មេក និងសាច់ថ្លៃចេញមុខមកព្រួតគ្នាជេរស្តីនាង និងរារាំង មិនឱ្យនាងជួបប្តីដាច់ខាត និងថែមទាំងបានបោះពាក្យសម្តីឱ្យនាងថា ចាំទៅជួបគ្នានៅតុលាការវិញ ទៅ។ ចាប់ពីថ្ងៃនោះមក នាងក៏លែងបានជួបមុខ ជួបស្តីតទល់ជាមួយប្តីរហូត ទៅរកប្តីពេលណា តែងត្រូវម្តាយក្មេកប្រាប់ថា ប្តីនាងមិនចង់ជួបមុខ ចង់លែងលះនាង និងបានជេរស្តីនាងសព្វគ្រប់បែបយ៉ាង។ សូម្បីតែនាងយកកូនៗឱ្យទៅជួបមុខឪពុក ក៏ត្រូវម្តាយក្មេកស្តីបណ្តេញមិនឱ្យពួកគេជួបមុខឪពុកទេ ដោយមិនចាត់ទុកកូនៗទាំង៣នាក់របស់នាង គឺជាចៅ ឬជាប់សាច់ឈាមរបស់គាត់ឡើយ។ បន្ទាប់មក នាងក៏បានស្កាត់ទៅរកប្តីដល់សាលាខេត្ត ក៏ត្រូវប្តីគេចមុខ និងត្រូវម្តាយក្មេកប្រាប់សន្តិសុខ កុំឱ្យនាងចូលទៅជួបប្តីបានទៀត។
ស្ត្រីជាប្រពន្ធ បានត្អូញត្អែរថា អ្វីដែលនាងអាសូរបំផុតុនោះ គឺកូនៗទាំង៣ តែងទួញយំសួររកឪពុកជារៀងរាល់ថ្ងៃ ថាឪពុកទៅណាលែងស្រលាញ់ពួកគេហើយឬ? ចំណែកនាងក៏ចេះតែទន្ទឹងចាំផ្លូវប្តីដែរ ដោយយល់ថា ខ្លាចពេលថ្ងៃត្រូវម្តាយរារាំងមិនឱ្យមកជួប ចាំដល់យប់ក្រែងប្តី លបវិលមកផ្ទះ ទើបនាងចេះតែអង្គុយចាំផ្លូវប្តីជារៀងរាល់យប់ដោយមិនហ៊ានដេកពួននោះទេ ហើយគ្រាន់តែលឺសូរសំឡេងឆ្កែព្រុស នាងក៏ស្ទុះក្រោកទៅបើកទ្វារភ្លាម ក្រែងប្តីមក តែចាំបាច់ៗមិនឃើញប្តីត្រឡប់មកផ្ទះសោះ មិនដឹងថាត្រូវម្តាយ រួមនឹងបងប្អូនរបស់គេផ្លុំត្រចៀក អូសទាញ យ៉ាងម៉េច ទើបលែងនឹករលឹកដល់ប្រពន្ធកូនបែបនេះ។ តាមពិតម្តាយក្មេក និងសាច់ថ្លៃ ធ្លាប់តាមបំបែកតាំងពីពួកនាងទើបនឹងស្រលាញ់គ្នាដំបូង ម៉្លេះ ហើយសូម្បីតែពេលដែលនាងឆ្លងទន្លេ ត្រូវម្តាយក្មេកហៅប្តីឱ្យត្រឡប់ទៅផ្ទះវិញ ដោយយកលេសនេះលេសនោះ មិនឱ្យប្តីនៅមើលថែនាងឡើយ៕