ភ្នំពេញ ៖ បុរសជាប្តីម្នាក់ មានចិត្តកំណាចឃោរឃៅខ្លាំងណាស់ តែងប្រើអំពេហិង្សិវាយាធ្វើបាបប្រពន្ធច្រើនលើកច្រើនសារ លុះចុងក្រោយ ដោយសារតែសុំលុយប្រពន្ធអត់បាន ស្រាប់តែផ្ទុះកំហឹងចាប់បោចសក់ប្រពន្ធវាយដំយ៉ាងចាស់ដៃ រហូតដល់ស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏ប្តឹងប៉ូលិសឱ្យចាប់ខ្លួន កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប្តីកំណាចដែលវ៉ៃបោចសក់ប្រពន្ធ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមួង សុផាន់ណា អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតសង្កាត់ឪឡឹក ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះស្រី ម៉ៅ អាយុ២៨ឆ្នាំ មុខរបររត់តុកាហ្វេ ស្នាក់នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានកូនចំនួន៣នាក់ រស់នៅក្នុងបន្ទុក។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា សព្វថ្ងៃនេះ នាងនិងប្តីរស់នៅដាច់ដោយឡែកពីគ្នា យូរៗទើបជួបមុខគ្នាម្តង ដោយប្តីស្នាក់អាស្រ័យនៅឯស្ទឹងមានជ័យឯណោះ ចំណែកនាងរួមជាមួយកូនៗ៣នាក់ ស្នាក់នៅសង្កាត់ចោមចៅ៣ ជាមួយមុខរបររត់តុកាហ្វេឱ្យ គេ។ ប្តីរបស់នាង គឺជាមនុស្សដែលគ្មានការងារអ្វីធ្វើច្បាស់លាស់នោះទេ តែងតែដើរលេងប៉ោឡែជាមួយក្រុមក្មេងស្ទាវ ផឹកស្រាស្រវឹងអួទីនួ រាល់ថ្ងៃនិងថែមទាំងបានប្រើប្រាស់ថ្នាំញៀនទៀតផង។
ស្ត្រីជាប្រពន្ធរូបនេះបន្តថា ជាញឹកញាប់នៅពេលដែលដាច់លុយ ប្តីនេះតែងតែមករករឿងកោសរូសទារលុយពីនាងយកទៅដើរចាយវាយ ផឹកស្រា ជក់ថ្នាំញៀន ដោយមិនដែលគិតខ្វល់ពីសុខទុក្ខរបស់នាងនិងកូនៗ៣នាក់រស់លំបាកវេទនាយ៉ាងណាឡើយ ហើយនៅពេលដែលនាង គ្មានលុយឱ្យ ប្តីកំណាចតែងជេរបញ្ចោ វាយដំនាងរាល់លើក។
ស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ប្តីកំណាចបានស្កាត់មកជួបនាង រួចបានសុំលុយនាងយកទៅចាយ ប៉ុន្តែនាងប្រាប់ថា គ្មានលុយឱ្យទេ ស្រាប់តែប្តីកំណាចផ្ទុះកំហឹង ស្ទុះមកចាប់បោចសក់នាង វាយដំ ទាំងកំរោល បណ្តាលឱ្យនាងរងរបួសយ៉ាង ដំណំ រហូតដល់ទ្រាំលែងបាន ក៏ប្តឹងប៉ូលិសចាប់ឃាត់ខ្លួនតែម្តង៕