ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់៣ម្នាក់ បានអះអាងថា ខ្លួនទើបនឹងទិញម៉ូតូកង់បី រត់ដឹកម៉ូយបាន១ខែ ក៏ស្រាប់តែដឹកប៉ះម៉ូយជើងល្អ បោកបញ្ឆោតឱ្យផឹកភេសជ្ជៈ១កំប៉ុង រួចក៏ត្រូវថ្នាំសណ្តំ ព្រមធ្វើតាមបញ្ជាគេគ្រប់យ៉ាង ដោយយកម៉ូតូកង់៣ ទៅបញ្ចាំបានលុយ២២០០ដុល្លារ ប្រគល់ឱ្យគេអស់ ចំណែកសាមីខ្លួន សល់ត្រឹមតែសំបុត្របញ្ចាំ លុះពេលដឹងខ្លួនវិញ កើតទុក្ខមិនសុខចិត្តក៏រត់ទៅប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ផ្លូវលេខ១៨២ ជិតស្តុបទេពផន ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
បុរសជាម្ចាស់ម៉ូតូកង់៣ ដែលអះអាងថា ត្រូវជនសង្ស័យដាក់ថ្នាំសណ្តំបញ្ជាឱ្យបញ្ចាំកង់បី រួចយកលុយទាំងអស់ប្រគល់ឱ្យគេគ្មានសល់នោះ សុំមិនបង្ហាញពីអត្តសញ្ញាណនោះទេ។
តាមសម្តីសាច់ញាតិជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះទើបតែទិញម៉ូតូកង់៣ (ឡាំប៉ាតា) រត់ដឹកម៉ូយបាន១ខែ ប៉ុណ្ណោះ ស្រាប់តែបានជនសង្ស័យឆបោក ដាក់ថ្នាំសណ្តំនាំយកកង់បីឡាំប៉ាតា ទៅបញ្ចាំបាន២២០០ដុល្លារ យកទៅបាត់ ចំណែកម្ចាស់សល់តែសំបុត្របញ្ចាំ តាំងពីវេលាម៉ោង២រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្លូវម៉ៃដា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ មានជនសង្ស័យម្នាក់ បានឱ្យជនរងគ្រោះឌុបចេញពីផ្លូវសឡា ទៅផ្លូវ២០០៤ កន្លែងលេងបុកប៊ីយ៉ែមួយកន្លែង។ ពេលកំពុងជិះតាមផ្លូវ ជនសង្ស័យបានគាស់ភេសជ្ជៈ ឱ្យជនរងគ្រោះផឹក១កំប៉ុង លុះពេលទៅដល់គោលដៅ ជនសង្ស័យបាន យកលេខទូរស័ព្ទរបស់ជនរងគ្រោះទុក ហើយដើរចូលទៅក្នុងបាត់។ ស្រាប់តែក្រោយមក ជនរងគ្រោះក៏ចាប់ផ្តើមវិលមុខ ធ្វើអ្វីតាមគេបញ្ជារហូត ដោយបានយកឡាំប៉ាតានេះទៅបញ្ចាំនៅហាងមួយកន្លែងបានលុយ២២០០ដុល្លារ ដោយមានទាំងសំបុត្របញ្ចាំផងដែរ ហើយយកលុយនោះ មកលេងបុកប៊ីយ៉ែជាមួយជនសង្ស័យរហូតចាញ់អស់ពីខ្លួន ត្រូវជនសង្ស័យយកលុយទៅអស់គេចខ្លួនបាត់ ចំណែកខ្លួនសល់តែសំបុត្របញ្ចាំ ហើយរងាស្វាងបន្តិច ទៅដឹងថាខ្លួនចាញ់បោកគេ ទើបបង្កការភ្ញាក់ផ្អើលតែម្តង៕