ខេត្តកណ្តាល ៖ បុរសម្នាក់ឃើញម្តាយបង្កើតរបស់ខ្លួនបានកើតមានជំលោះតឹងសរសៃកជាមួយនឹងអ្នកជិតខាងម្នាក់ ស្រាប់តែក្តៅចិត្តក៏ចូលទៅជួយម្តាយ ដោយទាញកណ្តៀវស្ទុះទៅកាប់ប្រហារគូទំនាស់របស់ម្តាយ បណ្តាលឱ្យរយះដៃ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះអូសយក ទៅចាត់ការតាមច្បាប់។
ករណីអំពើហ្សិខាងាលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចដីចម្ការ ស្ថិតក្នុងភូមិកណ្តាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង។
ជនសង្ស័យដែលបញ្ចោញកំហឹងជួសម្តាយកាប់គេ១កណ្តៀវ មានឈ្មោះខុម គន្ធី អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ អាយុ៤៧ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា (រងរបួសមុតលើកំភួនដៃខាងស្តាំ)។
តាមប្រភពពីកីន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងម្តាយរបស់ជនសង្ស័យ បានកើតមានជំលោះពាក្យសម្តី រហូតដល់តឹងសរសៃកដាក់គ្នា នៅដីចម្ការ ភ្លាមនោះ ជនសង្ស័យបានឃើញដូចនេះ ក៏រត់សំដៅទៅរកអ្នកទាំង២ បំណងទៅជួយម្តាយ ដោយ ក្នុងដៃមានកាន់កណ្តៀវផង រួចបានច្រានស្ត្រីរងគ្រោះឱ្យដួលទៅលើដី ហើយបានឡើងសង្កត់ពីលើ រួចប្រតាយប្រតប់គ្នា បណ្តាលឱ្យមុតដៃរបស់ស្ត្រីរងគ្រោះ។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះអន្លង់ចិន បានហៅជនសង្ស័យ មកសាកសួរ រួចសម្រេចឃាត់ខ្លួនជនសង្ស័យតាមបញ្ជា លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល នៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨ ៕