ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ បានប្រាប់ប្រពន្ធថាទៅរកងូតទឹកស្រះមួយភ្លែត មុននឹងដើរទៅលេងផ្ទះកូន រួចក៏ចេញទៅបាត់ លុះបាត់ប្តីយូរ មិនឃើញត្រឡប់មកវិញ ស្ត្រីជាប្រពន្ធក៏តាមរក ស្រាប់តែប្រទះឃើញស្បែកជើង និងសម្លៀកបំពាក់នៅមាត់ស្រះ មិនឃើញប្តី ទើបផ្អើលឆោឡោចុះរាវរក ក៏ប្រទះឃើញប្តីលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ករណីបុរសចំណុចចុះងូតទឹកស្ទឹងលង់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងស្រះទឹកអន្លង់នាង ស្ថិតក្នុងភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។
បុរសរងគ្រោះ ដែលលង់ទឹកស្លាប់ មានឈ្មោះស៊ន ឆេង អាយុ៦៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកំពុងតាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។
តាមសម្តីស្ត្រីឈ្មោះសេង ផាន ត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោងប្រមាណ២និង៣០នាទីរសៀល ប្តីរបស់គាត់ (ជនរងគ្រោះ) បានដើរចេញពីផ្ទះដោយប្រាប់គាត់ជាប្រពន្ធថា ទៅងូតទឹកស្រះអន្លង់នាងមួយភ្លែត មុននឹងដើរបង្ហួសទៅលេងផ្ទះកូន។
ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះដល់វេលាម៉ោងជាង៥ល្ងាចថ្ងៃដដែល ដោយមិនបានឃើញប្តីត្រឡប់មកផ្ទះវិញ ទើបគាត់នឹកឆ្ងល់ ក៏បានដើរទៅរកមើលនៅមាត់ស្រះ ស្រាប់តែឃើញតែស្បែកជើង និងខោអាវរបស់ប្តីនៅមាត់ស្រះ ប៉ុន្តែមិនដឹងបាត់ប្តីទៅណា ទើបធ្វើឱ្យគាត់ស្រែក ឆោឡោហៅអ្នកភូមិឱ្យជួយចុះរាវរកក្នុងទឹក ក៏ប្រទះឃើញប្តីរបស់គាត់លង់ទឹកស្រះខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង៕