ខេត្តត្បូងឃ្មុំ ៖ បុរសល្មោភកាមម្នាក់ បានទៅផឹកស៊ីនៅផ្ទះគេរហូតដល់ស្រវឹងជោកជាំ យកលេសថាត្រឡប់ទៅផ្ទះវិញមករួច ក៏សុំដេក១យប់សិន ស្រាប់តែដល់ពាក់កណ្តាលអធ្រាត្រ ក៏ធ្វើសកម្មភាពលបបើកមុងចូលទៅចាប់រំលោភប្រពន្ធម្ចាស់ផ្ទះ តែត្រូវស្ត្រីរងគ្រោះភ្ញាក់ដឹងខ្លួន ទាន់ ដាស់ប្តីឱ្យជួយ ធ្វើឱ្យជនសង្ស័យភ័យរត់គេចខ្លួន។
ករណីប៉ុនប៉ងរំលោភប្រពន្ធគេនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខ្ទមចាំចម្ការរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិជាំខ្យង ឃុំមេមង ស្រុកមេមត់។ លុះស្ត្រីរងគ្រោះដាក់ពាក្យប្តឹងក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យ។
ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជា វ៉ៃ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ ឃុំជាមួយគ្នា។ ចំណែកស្ត្រីរងគ្រោះ សុំមិនបង្ហាញអត្តសញ្ញាណ គ្រាន់តែដឹងថា មានលំនៅក្នុងភូមិឃុំកេតិហេតុខាងលើ។
តាមសម្តីបុរសឈ្មោះអ៊ុំ អឿន អាយុ៤៥ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃ០៩ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យបានមកផឹកស្រាសជាមួយគាត់ ដែលជាប្តីរបស់ស្ត្រីរងគ្រោះនៅចំណុចខ្ទមចាំចម្ការរបស់គាត់ ស្ថិតក្នុងភូមិឃុំខាងលើ។ លុះក្រោយពីផឹកស៊ីរហូតដល់វេលាម៉ោង១១យប់ ថ្ងៃដដែល ចាប់ផ្តើមស្រវឹងធ្លាក់ភ្នែករៀងខ្លួន ជនសង្ស័យក៏បានសុំសម្រាក នៅផ្ទះរបស់គាត់១យប់សិន ព្រោះថា ស្រវឹងខ្លាំងណាស់ ណាមួយយប់ជ្រៅណាស់ទៅហើយ។ ចំណែកគាត់ ដោយយល់ថា សុទ្ធតែជាអ្នកស្គាល់គ្នា ដៃគូផឹកស្រាសជាមួយគ្នា ទើបគាត់បានយល់ព្រមឱ្យជនសង្ស័យដេកនៅជុំគ្នាជាមួយគាត់ និងប្រពន្ធ នៅក្នុងខ្ទមចាំចមារនោះទាំងអស់គ្នាទៅ។
បុរសជាប្តីស្ត្រីរងគ្រោះបន្តថា រហូតមកដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះជា វ៉ៃ ក៏ស្រាប់តែធ្វើសកម្មភាព លបបើមុងប្តីប្រពន្ធរបស់គាត់ ក្នុងគោលបំណងចូលទៅចាប់រំលោភប្រពន្ធរបស់គាត់។ ប៉ុន្តែក្នុងពេលធ្វើសកម្មភាព ត្រូវបានប្រពន្ធរបស់គាត់ ភ្ញាក់ដឹងខ្លួនទាន់ ហើយស្រែកដាស់គាត់ជាប្តីឱ្យជួយ ពេលនោះក៏បានកើតមានការប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ បណ្តាលឱ្យធ្លាក់កូនកាំបិតចិតបន្លែមុខមុតស្រួចមានដងពណ៌លឿង ទៅក្រោមរនាបរោងនោះ រួចហើយជនសង្ស័យភ័យខ្លួន ក៏ស្ទុះលោតចុះមកដីរត់គេចខ្លួនបាត់៕