ខេត្តសៀមរាប ៖ ស្ត្រីបានអះអាងថា នាងត្រូវបានស្ត្រីជាភរិយារបស់អតីតអភិបាលរងខេត្តសៀមរាបម្នាក់ បានលើកគ្នាមកព្រួតវាយនាង ដល់មុខបន្ទប់ជួល រហូតធ្វើឱ្យកូនក្នុងផ្ទៃរបស់នាងដែលទើបនឹងមានអាយុ២ខែ បានរលូត បន្ទាប់ពីកើតមានទំនាស់ពាក្យសម្តីនឹងគ្នាតិចតួច ពីរឿងចាក់ធុងបាស់ លាន់លឺសំឡេងខ្លាំងៗ។
ស្ត្រីរងគ្រោះ ដែលអះអាងថា ត្រូវភរិយារបស់អតីតអភិបាលរងខេត្តសៀមរាបវាយរហូតដល់រលូតកូននោះ មានឈ្មោះពេជ្រ ស្រីនាង អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃអំពិល ឃុំព្រៃអំពិល ស្រុកស្អាង ខេត្តកណ្តាល សព្វថ្ងៃស្នាក់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ចំណែកជនដៃដល់ទាំង៥នាក់ រួមមាន ទី១-ឈ្មោះកែវ សុខុម ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាភរិយាលោកគឹម ឆៃហៀង អតីតអភិបាលខេត្តសៀមរាប ទី២-ឈ្មោះហៀង ស្រីណុច ភេទស្រី អាយុ២៨ឆ្នាំ ទី៣-ឈ្មោះហៀង សំរេច ភេទប្រុស អាយុ២១ឆ្នាំ ទី៣-ឈ្មោះហៀង ម៉ានិច ភេទស្រី និងទី៤-មិនស្គាល់ឈ្មោះ ភេទស្រី។
តាមសម្តីស្ត្រីឈ្មោះពេជ្រ ស្រីនាង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានពីដំណើរសាច់រឿងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ក្រុមគ្រួសារនាង និងមិត្តភក្តិបានជួបជុំគ្នាផឹកស៊ី និងបានចាក់កូនបាស់ ដើម្បីច្រៀងលេង ពេលដែលពួកនាងច្រៀងបាន១បទ ស្រាប់តែស្ត្រីឈ្មោះកែវ សុខុម ដែលត្រូវជាម្ចាស់បន្ទប់ជួល បានប្រើគេឱ្យគេមកប្រាប់ថា កុំចាក់ព្រោះវារំខាន គ្រានោះពួកនាងក៏បានបិទបាស់វិញភ្លាមទៅ។ ស្រាប់តែភ្លាមនោះ ស្ត្រីឈ្មោះកែវ សុខុម បានស្រែកជេរ និងគប់ស្បែកជើងចូលមកក្នុងបន្ទប់របស់នាង ធ្វើឱ្យកើតជាការប៉ះទង្គិចពាក្យសម្តីគ្នាទៅវិញទៅមក។ បន្ទាប់មកស្ត្រីឈ្មោះកែវ សុខុម បាននិយាយថាឈប់ជួលផ្ទះឱ្យពួកនាងទៀតហើយ និងបានដេញពួកនាងឱ្យរើឥវ៉ាន់ចេញភ្លាមៗតែម្តង ខណៈដែលនាងទើបនឹងមកជួលស្នាក់នៅបាន១៥ថ្ងៃប៉ុណ្ណោះ ហេតុនេះ នាងក៏ទាមទារប្រាក់កក់ដែលនៅសល់ត្រឡប់មកវិញ តែត្រូវស្ត្រីរូបនោះមិនព្រមឱ្យ ទើបចេះតែមានរឿងទំនាស់ពាក្យសម្តីគ្នាកាន់តែធ្ងន់ធ្ងរឡើង រហូតដល់ស្ត្រីឈ្មោះកែវ សុខុម និងកូនស្រីឈ្មោះហៀង ស្រីណុច និងបក្ខពួក៣នាក់ទៀត បាននាំគ្នាមកវ៉ៃទាត់ធាក់នាងដល់បន្ទប់ជួល បណ្តាលឱ្យរងរបួស និងរលូតកូនក្នុងផ្ទៃអាយុ២ខែតែម្តង។
ស្ត្រីរងគ្រោះបន្តថា បន្ទាប់ពីកើតហេតុក្រុមគ្រួសារនាងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ និងនគរបាលជំនាញ ដើម្បីឱ្យពួកគាត់ជួយរកភាពយុត្តិធម៌ដល់រូបគាត់ភ្លាមៗដែរ តែរហូតមកដល់ពេលេនះ នាងបានរង់ចាំអស់រយៈពេលជិត២ខែមកហើយ នៅតែមិនទាន់មានពន្លឺយុត្តិធម៌នៅឡើយ។ ហេតុនេះទើបនាងបានសម្រេចចិត្តមកដាក់ពាក្យបណ្តឹងទៅតុលាការបន្ថែមទៀត នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ តែម្តង។
ស្ត្រីជនរងគ្រោះបញ្ជាក់ថា ករណីនេះ នាងបានដាក់ពាក្យប្តឹងទាមទារសំណងជំងឺចិត្តចំនួន៥ម៉ឺនដុល្លារ និងស្នើឱ្យតុលាការចាត់ការទៅលើ ជនបង្កទៅតាមផ្លូវច្បាប់។
ទាក់ទិនទៅនឹងករណីនេះដែរ នគរបាលជំនាញបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១១នេះថា សំណុំរឿងខាងលើសមត្ថកិច្ច បានបញ្ជូនទៅតុលាការហើយ៕