ខេត្តបាត់ដំបង ៖ បុរសម្នាក់បានផឹកស៊ីតាំងពីថ្ងៃរសៀល រហូតដល់យប់ ក៏ចូលទៅផឹកបន្តក្នុងខារ៉ាអូខេទៀត លុះកំពុងផឹកស៊ីសប្បាយ ក៏ស្រាប់តែកើតមានអាការៈក្អួតយ៉ាងខ្លាំង រហូតដល់ស្ទះដង្ហើម (គាំងបេះដូង) ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង។
បុរសរងគ្រោះដែលផឹកស៊ីរហូតដល់ក្អួតស្ទះដង្ហើមស្លាប់ មានឈ្មោះជៀន សំផូត អាយុ២៩ឆ្នាំ ជាជំទប់ទី២ សាលាឃុំបឹងរាំង ស្រុកកំរៀង និងមានលំនៅក្នុងភូមិឃុំកីតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះរូបនេះគឺចូលចិត្តសេពគ្រឿងស្រវឹងជាប់ជាប្រចាំ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ជនរងគ្រោះ និងមិត្តភក្តិមួយក្រុម បានជួបជុំគ្នាដុតគោ ដើម្បីក្លែមស្រា និងបានផឹកស៊ី យ៉ាងសប្បាយក្អាកក្អាយ។ លុះពេល កំពុងផឹកស៊ីនោះ ជនរងគ្រោះបានត្អូញថា ដូចជាមិនសូវស្រួលខ្លួនទាល់តែសោះ ប៉ុន្តែយ៉ាងណា ជនរងគ្រោះ មិនបានឈប់ផឹកនោះទេ នៅតែបន្តផឹក ស៊ីបន្តរហូតរហូតដល់ចប់។
ប្រភពដដែលបន្តថា លុះរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះ ក៏បានផឹកស៊ីជាមួយមិត្តភក្តិម្តងទៀត ដោយផឹកពេញ ១ល្ងាច រហូតដល់ម៉ោង៨យប់ ក៏បន្តចូលផឹកស៊ីបន្ថែមនៅក្នុងខារ៉ាអូខេមួយកន្លែង។ លុះពេលកំពុងចូលផឹកស៊ីក្នុងខារ៉ាអូខេ ជនរងគ្រោះ ក៏ចាប់ផ្តើមកើតមានអាការៈចង់ក្អួត រួចក៏រត់ចេញក្រៅបន្ទប់ដើម្បីក្អួត បន្ទាប់មកក៏ស្រាប់តែលែងដឹងខ្លួនតែម្តង និងត្រូវបានមិត្តភក្តិជួយបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសល ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់តាំងពីមិនទាន់មដល់មន្ទីរពេទ្យម៉្លេះ៕