ភ្នំពេញ ៖ យុវជនម្នាក់ បានទាក់ទងស្នេហាជាមួយនឹងក្មេងស្រីម្នាក់បានមួយរយៈ ក៏ទូរស័ព្ទហៅក្មេងស្រីរូបនោះ ចេញទៅដើរលេងទាំងកណ្តាលអធ្រាត្រ បន្ទាប់មកក៏នាំនាងឡើងផ្ទះសំណាក់ រួមរ័កមេត្រីជាមួយគ្នាបានម្តង ដោយសន្យាថានឹងយកធ្វើជាគូអនាគត លុះព្រឹកឡើង ចេញពីផ្ទះសំណាក់មកវិញ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ករណីក្មេងស្ទាវល្បួងក្មេងស្រីឡើងផ្ទះសំណាក់រួមរ័កនេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ ជាសំណាង២ មានទីតាំងនៅផ្ទះលេខ៣០៨ ផ្លូវលេខ៤៣០ ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
ជនសង្ស័យដែលនាំកូនស្រីគេឡើងផ្ទះសំណាក់រួមរ័កបាន១ដងនេះ មានឈ្មោះម៉ឺន សារ៉ា អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅក្នុងការដ្ឋានសំណង់ សាលាមត្តេយ្យសុវណ្ណភូមិ ផ្លូវលេខ៤៧៦ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះក.ស.ព.ណ អាយុ១៤ឆ្នាំ មុខរបរអ្នកមើលក្មេងនៅផ្ទះ ស្នាក់នៅផ្ទះលេខ២០ ផ្លូវលេខ៤៧៦ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាអ្នកថែទាំក្មេងឱ្យគេ (រយៈពេល៦ខែ) មកហើយ និងបានស្គាល់គ្នាជាមួយជនសង្ស័យខាងលើ រយៈពេលជាង១ខែ ដោយជនរងគ្រោះតែងរុញរទេះដឹកក្មេងកាត់កន្លែងធ្វើការរបស់ជនសង្ស័យ ក្រោយមកក៏ត្រូវជនសង្ស័យទាក់ទងសុំលេខទូរស័ព្ទ និងបានទូរស័ព្ទនិយាយគ្នា ព្រមទាំងលេងឆាតជាមួយគ្នាជាញឹកញាប់។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៩យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ អ្នកទាំងពីរ បានលេងឆាតជាមួយគ្នា រហូតដល់ម៉ោងប្រហែល១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ក៏ឈប់លេងឆាត ហើយក៏បិទទូរស័ព្ទសម្រាករៀងៗខ្លួន។ ស្រាប់តែមកដល់វេលាម៉ោង២រំលងអធ្រាត្រថ្ងៃដដែល ជនសង្ស័យបានទូរស័ព្ទមកជួបក្មេងស្រីរងគ្រោះ ដើម្បីបបួលចេញក្រៅដើរលេង លុះបន្ទាប់ពីនិយាយត្រូវរ៉ូវគ្នាហើយ ក្មេងស្រីរងគ្រោះក៏បានលួចចេញមកខាងក្រៅផ្ទះដោយមិនឱ្យម្ចាស់ផ្ទះដឹង ហើយបានមកជួបនឹងជនសង្ស័យ ដើម្បីនាំគ្នា ទៅដើរលេង។
ប្រភពខាងលើ បានឱ្យដឹងទៀតថា ក្រោយពីបានជួបគ្នាហើយ ជនសង្ស័យក៏បានលួងលោមនាំក្មេងស្រីរងគ្រោះ ចូលទៅដេកនៅផ្ទះសំណាក់យីហោ ជាសំណាង២ ដោយជួលបន្ទប់លេខ២០៥ ជាន់ទី២ រយៈពេល៣ម៉ោង ក្នុងតម្លៃ៥ដុល្លារ។ លុះពេលចូលទៅដល់ក្នុងបន្ទប់ ជនសង្ស័យក៏បានលួងលោមក្មេងស្រីរងគ្រោះថា ខ្លួនហ៊ានធ្វើហ៊ានទទួលខុសត្រូវទាំងអស់ និងសន្យាថាស្រលាញ់ ព្រមទាំងយកក្មេងស្រីរងគ្រោះ ធ្វើជាគូអនាគត ធ្វើជាប្រពន្ធរហូតតទៅ។ ដោយសារតែលង់ជឿសម្តីជនសង្ស័យ ទើបក្មេងស្រីរងគ្រោះ បានយល់ព្រមរួមរ័កជាមួយនឹងជនសង្ស័យ បានសម្រេច១លើក ដោយមិនបានប្រើស្រោមអនាម័យ ដើម្បីការពារនោះទេ៕