Wednesday, August 27, 2025
Homeសន្ដិសុខសង្គមឃាត់ខ្លួនចិន៦នាក់ ចែកខិត្តប័ណ្ឌម៉ាស្សាបង្កប់សេវាផ្លូវភេទ

ឃាត់ខ្លួនចិន៦នាក់ ចែកខិត្តប័ណ្ឌម៉ាស្សាបង្កប់សេវាផ្លូវភេទ

ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនមួយក្រុម ដែលបានធ្វើសកម្មភាពដើរចែកផ្សាយខិត្តប័ណ្ណរបរម៉ាស្សា ដែលបង្កប់សេវាផ្លូវភេទ ព្រមទាំងបង្ហាញរូបភាពអាសអាភាសស្រើបស្រាលនៅលើខិត្តប័ណ្ណ ពាសពេញក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ចុះបង្ក្រាបឃាត់ខ្លួន បានចំនួន៦នាក់ នាំយកទៅចាត់ការតាមច្បាប់។

លោកវរសេនីយ៍ទោ ភុល ភស្តាអធិការនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាឱ្យតាមឃ្លាំមើល និងបង្ក្រាបឱ្យបាន ជនជាតិចិនដែលប្រកបរបរខុសច្បាប់នៅកម្ពុជា ដូចជាកន្លងមក មានការដើរផ្សព្វផ្សាយចែកខិត្តប័ណ្ណម៉ាស្សា មានរូបភាពទាក់ទាញ បង្កប់សេវាកម្មផ្លូវភេទ បែបពេស្យាចារ។ រហូតមកដល់ យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានសហការគ្នា ស្រាវជ្រាវឆ្មក់ចាប់បានជនជាតិចិន ដែលជាអ្នកដើរផ្សព្វផ្សាយចែកខិត្តប័ណ្ណម៉ាស្សានោះ បានចំនួន៦នាក់ និង ដកហូតបានខិត្តប័ណ្ណជាច្រើនសន្លឹក។

ជនសង្ស័យជាជនជាតិចិនទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ CU JIAN ទី២-ឈ្មោះ LY YUHANG ទី៣-ឈ្មោះ LI ZHUZHI ទី៤-ឈ្មោះ WEN XIAOHU ទី៥-ឈ្មោះ FAN CHAOJUN និងទី៦-ឈ្មោះ LI ZIMING។

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឱ្យដឹងថាៈ ពេលដែលហៅអ្នកជំនាញ មកធ្វើការបកប្រែភាសាចិន ក្នុងខិត្តប័ណ្ណទាំងនោះ មានន័យត្រឹមតែសេវាកម្មម៉ាស្សាប៉ុណ្ណោះ ប៉ុន្តែរូបភាព វាបង្កប់ទៅជាការផ្សព្វផ្សាយអាជីវកម្មផ្លូវភេទ ឬ ពេស្យាចារ ដែលជាអំពើខុសច្បាប់នៅប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បុរសជនជាតិចិនទាំង៦នាក់ នោះ យើងបានធ្វើការអប់រំ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយនេះទាំងស្រុង ពីព្រោះវាជាអំពើខុសច្បាប់នៅកម្ពុជា៕

RELATED ARTICLES