Wednesday, August 27, 2025
Homeសង្គម និងជីវិតមិនអាណិតកូនៗសោះ! ប្តីសម្ងំរួមស្នេហ៍ប្រពន្ធចុង ប្រពន្ធដើមប្រកាសហៅមកជួយសងបំណុលធនាគារ

មិនអាណិតកូនៗសោះ! ប្តីសម្ងំរួមស្នេហ៍ប្រពន្ធចុង ប្រពន្ធដើមប្រកាសហៅមកជួយសងបំណុលធនាគារ

កំពង់ចាម ៖ ស្ត្រីម្នាក់នេះ ស្រលាញ់ប្តីខ្លាំងណាស់ ប្រឹងធ្វើគ្រប់យ៉ាងដើម្បីប្តី សូម្បីតែពេលខ្លួនគ្រប់ខែសម្រាល ប្តីខ្ចីឡានគេបើកទៅផឹកស៊ីចូលខារ៉ាអូខេ បង្កគ្រោះថ្នាក់បណ្តាលឱ្យអ្នករួមដំណើរ២នាក់ស្លាប់ ត្រូវគេប្តឹង ក៏ប្រពន្ធសុខចិត្តបញ្ចាំប្លង់ដី ប្លង់ផ្ទះ យកលុយធនាគារមកដោះ ស្រាយរឿងឱ្យប្តី ខ្លាចប្តីជាប់គុក លុះប្តីរួចខ្លួន ក៏បែកគំនិតទាក់ទងស្រីថ្មី រហូតដល់វេចបង្វេចចុះចោលផ្ទះបាត់៣ខែ ទុកឱ្យប្រពន្ធចិញ្ចឹមកូន៣នាក់ និងរ៉ាប់រងសងបំណុលធនាគារតែម្នាក់ឯង រហូតរត់លែងរួចប្រកាសលក់ដីលក់ផ្ទះចោល ខណៈដែលប្តីហេងស៊យកំពុងសម្ងំ សោយសុខនឹងស្រីថ្មី យ៉ាងរំភើយ។

ស្ត្រីអភ័ព្វដែលត្រូវប្តីចុះចោល៣ខែ ទុកឱ្យរស់នៅត្រដររកប្រាក់បង់ធនាគារ និងចិញ្ចឹមកូនតែម្នាក់ឯង ស្ទើរដាច់ពោះស្លាប់ មានឈ្មោះគង់ លក្ខិណា មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានលំនៅក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ចំណែកបុរសជាប្តីហេងស៊យ មាន ឈ្មោះចេង សុខន មុខរបរបើកឡានដឹកដី សព្វថ្ងៃមិនដឹងជាសម្ងំរស់នៅសោយសុខជាមួយស្រីថ្មី នៅឯណានោះទេ តែសង្ស័យថា កំពុងវក់នឹងស្រីស្នេហ៍ជាស្រីមេម៉ាយ ប្រកបរបរលក់បុកល្ហុងនៅក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

នាងគង់ លក្ខិណា បានរៀបរាប់ទាំងអួលអាក់ថា នាងនិងប្តី បានចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយៈពេលជិត១៥ឆ្នាំមកហើយ និងបង្កើតបានកូនចំនួន៣នាក់ (ប្រុស១ ស្រី២) ដោយក្នុងនោះ កូនស្រីច្បងឈ្មោះខន លីហ្សា អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សាសំរោងធំ ចំណែកកូនស្រីទី២ ឈ្មោះខន លីណា អាយុ១០ឆ្នាំ ជាសិស្សរៀនថ្នាក់ទី២ ដោយឡែកកូនប្រុសពៅ ទើបនឹងមានវ័យមិនទាន់បាន ១ខួប ស្រួលបួលនៅឡើយ។

នាងគង់ លក្ខិណា បានបន្តថា តាំងពីចាប់ដៃគ្នាដំបូងមក ប្តីប្រពន្ធនាងរួមរស់សុខស្រួល ល្អូកល្អិនគ្នាល្អណាស់ មិនដែលមានទំនាស់អ្វីធំដុំឡើយ ដោយប្តីប្រកបរបរបើកឡានដឹកដី ឆ្លៀតពេលទំនេរចុះបឹងរកត្រី ធ្វើម្ហូបខ្លះ លក់ខ្លះគ្រាន់បានប្រាក់ចំណូលបន្ថែមទប់ទល់ជីវភាព រហូតដល់មានលទ្ធភាពសង់ផ្ទះស្នាក់នៅបានសមរម្យ លើដីកេរដែលឪពុកម្តាយចែកឱ្យ។ ចំណែកនាងជាប្រពន្ធ ក៏មិននៅផ្ទះដេកស៊ីកម្លាំងប្តីដែរ គឺបានចេញទៅធ្វើការងាររោងចក្រ គ្រាន់បានប្រាក់កម្រៃយកមកផ្គប្កួគ្នា។ ក្រោយមក ប្តីរបស់នាងក៏ចាប់ផ្តើម ចេះដើរផឹកស៊ីយប់ព្រលប់ តែមិនសូវជាញឹកញាប់ប៉ុន្មានទេ រីឯនាងក៏មិនហាមឃាត់អ្វីដែរ ព្រោះគិតថា បើកសេរីភាពឱ្យប្តីខ្លះទៅ ព្រោះប្តីប្រឹងរកប្រាក់ចិញ្ចឹមគ្រួសារណាមួយក៏មិនធ្លាប់គិតដល់សោះថា យូរៗទៅប្តីវក់នឹងផឹក ឈានដល់មានស្រីក្បត់ចិត្ត បោះបង់ចោលប្រពន្ធកូនដោយគ្មានស្រណោះអាល័យបែបនេះសោះ។

នាងលក្ខិណា បានឱ្យដឹងថា កាលពីនាងមានផ្ទៃពោះកូនប្រុសពៅគ្រប់ខែ នាងតែងប្រាប់ប្តីជារឿយៗថា បើអត់បើកឡានដឹកដីទេ មកដេកផ្ទះមក ស្រួលយប់ព្រលប់នាងឈឺពោះសម្រាល មានប្តីនៅក្បែរ។ ដឹងអី យប់មួយនោះ ប្តីរបស់នាងបានរៀបចំខ្លួនចេញពីផ្ទះ លុះនាងសួរនាំ ប្តីក៏ថា ទៅដេកចាំឡាន ព្រោះគ្មានអ្នកនៅកន្លែង ពេលនោះនាងបានឃាត់ប្តីកុំឱ្យទៅដែរ តែប្តីនៅតែមានះចេញទៅទាល់តែបាន ដឹងអី ដល់ពាក់កណ្តាលអធ្រាត្រ នាងក៏ទទួលបានដំណឹងថា ប្តីនាងបានបើកឡានបុកគូទរថយន្តកុងតឺន័រ បណ្តាលឱ្យអ្នករួមដំណើរជាមួយ២នាក់បានស្លាប់ ចំណែកប្តីគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ គឺប្តីមិនបានចេញទៅដេកចាំកន្លែងដូចប្រាប់នាងទេ គឺប្តីបានទៅជួបជុំ បនភឿនផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏លួចយកឡាននៅកន្លែងធ្វើការ បើកទៅចូលខារ៉ាអូខេបន្ត រហូតដល់ស្រវឹងដាប ចេញពីខារ៉ាអូខេមកវិញ ក៏បើកបុកគូទរថយន្តកុងតឺន័រ បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និងត្រូវម្តាយរបស់គេប្តឹងប្តីរបស់នាង ឱ្យប៉ូលិសចាប់ឃាត់ខ្លួន។ ចំណែកនាង ដោយសារតែខ្លាចប្តីជាប់ខ្នោះច្រវាក់ ក៏បានឆ្លេឆ្លាយកប្លង់ដី និងផ្ទះ ទៅដាក់បញ្ចាំធនាគារ យកប្រាក់ចំនួន៤ពាន់ដុល្លារ មករត់ការសងសំណងទៅ គ្រួសារអ្នកស្លាប់ និងដោះប្តីចេញវិញ។ ពេលប្តីចេញមកវិញ នាងក៏មិនបានស្តីបន្ទោស កោសរូសប្តីអ្វីទៀតដែរ ដោយយល់ព្រមលើកលែងទោសឱ្យប្តី និងបានអង្វរប្តីថា ឱ្យកែខ្លួនវិញទៅ និងប្រឹងពួតដៃគ្នាជាមួយនាង ដើម្បីរកប្រាក់ទៅដោះបំណុលធនាគារ ចំណែកប្តីក៏បានសន្យាថាកែខ្លួនដែរ។

នាងលក្ខិណា បានឱ្យដឹងទៀតថា ដូចពាក្យចាស់ថា “ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច” ប្តីនាងថាកែតែលើ បបូរមាត់ តែចិត្តគំនិតគ្មានកែបន្តិចណាសោះ និងថែមទាំងបានបែកគំនិត លួចទាក់ទងស្រីម្នាក់តាមទូរស័ព្ទទៀតផង បន្ទាប់មកកាលពីអំឡុង៣ខែ មុននេះ ប្តីក៏បានសុំនាងចេញទៅធ្វើការសំណង់នៅភ្នំពេញ តែនាងបានឃាត់ឱ្យនៅផ្ទះ រកត្រីវិញប្រសើរជាងតែប្តីមិនព្រម លុះនាងនិយាយថា ឯងចង់ទៅរកស្រីថ្មីនោះមែន? ប្តីក៏ឆ្លើយរបៀបលេងសើចលាយមែនថា ធម្មតាម្ជូររាល់ថ្ងៃអ្នកណាទ្រាំបាន។ លុះស្អែកឡើងពេលដែលនាងចេញទៅធ្វើការរោងចក្រ ស្រាប់តែប្តីកំហូច បានរៀបចំបង្វេចចុះចេញពីផ្ទះទៅបាត់ លុះនាងទូរស័ព្ទទៅសួរ ប្តីក៏និយាយយ៉ាងខ្លីថា ឈប់ទាក់ទងមកគេទៀត រួចក៏ទៅបាត់ដំណឹងសូន្យឈឹង គិតមកដល់សព្វថ្ងៃមានរយៈពេល៣ខែមកហើយ។ លុះក្រោយមក នាងបានទទួលដំណឹងពីអ្នកស្គាល់គ្នាម្នាក់ថា ប្តីរបស់នាងកំពុងបើកឡានដឹកដីនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម និងកំពុងមានប្រពន្ធថ្មីម្នាក់ ជាអ្នកលក់បុកល្ហុង។

នាងលក្ខិណា បានបន្ថែមថា តាំងពីប្តីចុះចោលបាត់ទៅ នាងត្រូវរ៉ាប់រងតែម្នាក់ឯង តាំងពីចិញ្ចឹមកូន៣នាក់ និងរកប្រាក់បង់រំលោះធនាគារ ក្នុងមួយខែ៤០០ដុល្លារ ចំណែកប្រាក់ខែនាងបានត្រឹមតែជាង១០០ដុល្លារ ហេតុនេះ គ្មានលទ្ធភាពបង់ ទើបនៅខែទី១ នាងបានដាច់ចិត្តលក់ម៉ូតូ ដើម្បីយកប្រាក់បង់ធនាគារ។ លុះចូលដល់ខែទី២ ដោយរំពឹងថា ប្តីអាចនឹងត្រឡប់មកវិញ នាងក៏បានទៅខ្ចីលុយុប្អូនរបស់នាង ដើម្បីយកទៅបង់ធនាគារបន្តទៀត។ ប៉ុន្តែចូលដល់ខែទី៣នេះ មើលទៅគ្មានសង្ឃឹមថាប្តីហេងស៊យវិលវិញ នាងក៏សម្រេចចិត្តប្រកាសលក់ដី លក់ផ្ទះចោលតែម្តង ដើម្បីយកប្រាក់សងផ្តាច់ធនាគារវិញ រួចនាំកូនជញ្ជូនចៅទៅរស់នៅជាមួយឪពុកម្តាយបង្កើតវិញ ដែលពួកគាត់រស់នៅក្នុងភូមិជាមួយគ្នា។

កុមារី ខន លីណា អាយុ១០ឆ្នាំ ត្រូវជាកូនទី២ បាននិយាយទាំងអួលដើមកថា សព្វថ្ងៃនាងមិនបានទៅរៀនទេ ដោយសារត្រូវនៅផ្ទះ ជួយមើលប្អូនណាមួយនាងត្រូវមិត្តភក្តិបង្អាប់ថា ឪពុករត់ចោល ទើបធ្វើឱ្យនាងខ្មាសគេលែងចង់ទៅរៀន។

ចំណែកកុមារី ខន លីហ្សា អាយុ១៣ឆ្នាំ ជាកូនច្បង បានរៀបរាប់ទាំងទឹកភ្នែកថា រាល់ថ្ងៃនេះ នាងអាណិតម្តាយខ្លាំងណាស់ ខំរកប្រាក់មកចិញ្ចឹមកូនផង សងធនាគារផង ចំណែកឪពុកនាងមិនខ្វល់ទេ ព្រោះគាត់បានរត់ចោលពួកនាងនិងម្តាយ៣ខែមកហើយ មិនដឹងជាទៅដល់ណា។

នាងដឹងថា ម្តាយស្រលាញ់ឪពុកនាងណាស់ តែឪពុកនាងមិនស្រលាញ់ម្តាយនាងទេ រត់ចោលប្រពន្ធកូន ដោយមិនអាសូរ ហើយពេលនេះ នាងចង់ឱ្យឪពុកត្រឡប់មកផ្ទះ ដើម្បីជួយរកប្រាក់សងបំណុលធនាគារវិញ រួចទៅណាក៏ទៅចុះ ទោះមានស្រីថ្មី ក៏ពួកនាងជាកូនមិនខ្វល់ដែរ ព្រោះពួកនាងអាចរស់នៅជាមួយម្តាយ ដោយមិនចាំបាច់មានឪពុកក៏បាន។ យ៉ាងណា នាងមិនចង់ឱ្យម្តាយលក់ផ្ទះនេះទេ ព្រោះបើលក់ទៅ ពួកនាង៤នាក់ម៉ែកូន គ្មានកន្លែងជ្រកកោនទេ។

កុមារីជាកូនច្បងរូបនេះ បានអះអាងថា ចិត្តនាងចង់ត្រឡប់ទៅរៀនវិញខ្លាំងណាស់ ទោះម្តាយអត់មានលុយឱ្យទៅរៀន ក៏នាងអាចទៅរៀនបានដែរ ដោយសុខចិត្តមិនចាំបាច់ទិញអីហូបនៅសាលាក៏បាន ឱ្យតែបានរៀន ព្រោះនាងចង់រៀនឱ្យបានខ្ពស់ អនាគតទៅយកចំណេះដឹងទៅ រកការងារធ្វើ រកប្រាក់មកចិញ្ចឹមម្តាយវិញ ព្រោះនាងអាណិតម្តាយខ្លាំងណាស់ រាល់ថ្ងៃលំបាកសព្វបែបយ៉ាងដើម្បីកូន ខុសពីឪពុកដែលគ្មានការ ទទួលខុសត្រូវ ទាំងក្នុងនាមជាប្តី ទាំងក្នុងនាមជាឪពុក។

នាងគង់ លក្ខិណា បានបញ្ជាក់ថា ដោយសារតែលំបាកចិត្តនឹងរឿងគ្រួសារខ្លាំងពេក ណាមួយប្តីរត់ចោល បំណុលធនគារវ័ណ្ឌក អត់លុយសង និងត្រូវរ៉ាប់រងចិញ្ចឹមកូន៣នាក់ទៀត រហូតពេលខ្លះនាងធុញថប់ក្នុងជីវិតលែងចង់រស់នៅ ចង់តែគិតខ្លីទៀតផង ប៉ុន្តែពេលនាងគិតឱ្យបានវែង ឆ្ងាយបន្តិច ក៏អាណិតកូនទាំង៣នាក់ ដែលមិនទាន់ដឹងក្តី ពេលអត់ពីនាងទៅមិនដឹងថា ត្រូវវេទនាកម្រិតណានោះទេ ហេតុនេះ ទើបនាងសុខចិត្ត ស៊ូទ្រាំប្រឹងរស់បន្តទៀតដើម្បីកូនៗ៕

RELATED ARTICLES