ខេត្តកណ្តាល ៖ យុវវ័យមួយគូ បានទាក់ទងស្នេហាគ្នាអស់រយៈពេល៥ខែមកហើយ និងធ្លាប់បានណាត់ជួបគ្នារួមរ័កមេត្រីជាច្រើនលើកច្រើនសារ លុះទំនាក់ទំនងស្នេហ៍មួយនេះ ដឹងឮដល់ចាស់ទុំ ក៏ត្រូវឪពុកម្តាយខាងស្រីមិនពេញចិត្ត រារាំងមិនឱ្យជួបគ្នា រហូតដល់ធ្លាប់បង្ខាំងកូនស្រី ទុកទៀតផង ប៉ុន្តែយ៉ាងណា គូស្នេហ៍នេះនៅតែលួចណាត់ជួបគ្នានៅលើផ្ទះខាងប្រុសជាញឹកញាប់ ទីបំផុត ឪពុកម្តាយខាងស្រី តាមមកទាន់ក៏ប្តឹង សមត្ថកិច្ចចាប់អូសកខាងប្រុសយកទៅសួរនាំ និងចាត់ការតាមច្បាប់។
ករណីគូស្នេហ៍កំពុងសម្ងំរួមស្នេហ៍ បែរជាត្រូវម្តាយខាងស្រីតាមទាន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ១៦ បុរីគ្រីស្តាល់ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
តួអង្គខាងប្រុស ដែលត្រូវក្លាយខ្លួនជាអ្នកទោសស្នេហាទាំងវ័យក្មេង មានឈ្មោះភៅ សុខួច អាយុ១៨ឆ្នាំ មានលំនៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកតួអង្គខាងស្រី មានឈ្មោះយ.ស.ន អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រវាងយុវជនសង្ស័យ និងក្មេងស្រីរងគ្រោះ គឺមានទំនាក់ទំនងស្នេហានឹងគ្នាស្រលាញ់គ្នាអស់រយៈពេលប្រហែលជាង៥ខែមកហើយ រហូតក្រោយមក ទំនាក់ទំនងមួយនេះក៏បានដឹងឮដល់ឪពុកម្តាយខាងស្រី តែឪពុកម្តាយខាងស្រីមិនពេញចិត្ត យុវជនសង្ស័យនោះទេ និងថែមទាំងបានព្យាយាមបំបែកបង្ខាំងគ្នាមិនឱ្យក្មេងស្រីរងគ្រោះ និងយុវជនសង្ស័យជួបគ្នាទៀតផង ប៉ុន្តែក្មេងស្រីរងគ្រោះ និងយុវជនសង្ស័យ តែងតែណាត់ជួបគ្នា រហូតបានរួមភេទជាមួយគ្នារហូតបានសម្រេចនៅផ្ទះកើតហេតុខាងលើជាច្រើនលើកច្រើនសារ។
ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ យុវជនសង្ស័យនិងក្មេងស្រីរងគ្រោះ បានណាត់ជួបគ្នាម្តងទៀតនៅកន្លែងដដែល ខណៈនោះម្តាយឪពុករបស់ក្មេងស្រីរងគ្រោះបានដឹង ក៏តាមដានកូនស្រី រហូតដល់ឃើញកូនស្រីរបស់ខ្លួន ត្រូវយុវជនរងគ្រោះនាំចូលផ្ទះខាងលើ កំពុងដេកជាមួយគ្នា ក៏បានប្តឹងសមត្ថកិច្ចឱ្យធ្វើការចាប់ខ្លួនយុវជនសង្ស័យខាងលើចាត់ការតាមនីតិវិធីច្បាប់តែម្តង។
ក្រោយពីទទួលបានពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះ ភ្លាមនោះសមត្ថកិច្ចក៏ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានធ្វើការចាប់ខ្លួនយុវជនសង្ស័យខាងលើមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ។
នៅចំពោះមុខសមត្ថកិច្ច យុវជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានស្រលាញ់គ្នាជាមួយនិងក្មេងស្រីរងគ្រោះអស់រយៈពេលជាង៥ខែមកហើយ និងធ្លាប់បានរួមភេទជាមួយជាច្រើនដងរួចមកហើយដែរ។ លុះក្រោយមក ឪពុកម្តាយខាងស្រីបានដឹង និងមិនពេញចិត្តរូបគេទេ ទើបព្យាយាមបំបែកកូនស្រី ដោយធ្លាប់បង្ខាំងកូនស្រីឱ្យនៅក្នុងផ្ទះទៀតផង ប៉ុន្តែដោយសារពួកគេស្រលាញ់គ្នាខ្លាំង ទើបមិនអាចបំភ្លេចគ្នាបាន និងតែងណាត់ជួបគ្នារួមរ័កជារឿយៗ៕