ភ្នំពេញ ៖ ស្ត្រីម្នាក់បានចូលទៅសម្រាកនៅក្នុងផ្ទះសំណាក់ជាមួយនឹងបុរសម្នាក់ពេញ១យប់ លុះព្រឹកឡើង ភាគីខាងប្រុសក៏ជិះម៉ូតូចេញ ទៅមុនបាត់ បន្សល់ទុកខាងស្រីនៅក្នុងបន្ទប់តែម្នាក់ឯង លុះបុគ្គលិកផ្ទះសំណាក់សង្ស័យឡើងទៅមើល ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកហូរឈាម តាមមាត់ ប្រុងដឹងទៅសង្គ្រោះភ្លាមៗដែរ តែអកុសល ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យមានការសង្ស័យថាជាករណីឃាតកម្ម។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ យីហោ ដួងច័ន្ទ២ មានទីតាំងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ស្ត្រីរងគ្រោះដែលដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យ ប្រមាណជាង៣០ឆ្នាំ ស្លៀកខោខូវប៊យជើងវែង និងពាក់អាវសដៃវែង។
តាមប្រភពពីបុគ្គលិកផ្ទះសំណាក់ដួងច័ន្ទ២ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ គេឃើញស្ត្រីរងគ្រោះខាងលើ ត្រូវបានបុរសម្នាក់ មានវ័យស្របាក់ស្របាលគ្នា ដឹកតាមម៉ូតូ១គ្រឿង ចូលមកជួលបន្ទប់ផ្ទះសំណាក់ខាងលើស្នាក់នៅពេញ១យប់។ លុះមកដល់វេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ក៏ស្រាប់តែឃើញភាគីខាងប្រុស ដែលឌុបស្ត្រីរងគ្រោះមក បានចុះពីបន្ទប់ រួចឡើងជិះម៉ូតូចាកចេញទៅមុនបាត់ទៅ។ ចំណែកបុគ្គលិកផ្ទះសំណាក់ ក៏មិនបានចាប់អារម្មណ៍អ្វីដែរ រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ទៅហើយ នៅតែមិនទាន់ឃើញ ស្ត្រីរងគ្រោះខាងលើចុះមកក្រោម ណាមួយដល់ម៉ោងត្រូវរៀបបន្ទប់ ទើបម្ចាស់ផ្ទះសំណាក់ បានឱ្យបុគ្គលិកឡើងទៅគោះទ្វារដើម្បីសួរនាំ ថាត្រូវសម្រាកថែម១យប់ទៀត ឬក៏ចាកចេញទៅវិញ។
ប្រភពដដែលបន្តថា លុះពេលបុគ្គលិកផ្ទះសំណាក់ ឡើងទៅគោះទ្វារបន្ទប់ស្ត្រីរងគ្រោះ បែរជាមិនលឺសូរសំឡេងឆ្លើយតបវិញសោះ ធ្វើឱ្យមានការសង្ស័យ ក៏យកសោទៅចាក់ចូលទៅមើល ស្រាប់តែឃើញស្ត្រីរងគ្រោះ ដេកហូរឈាមតាមមាត់ ទើបកើតមានការផ្អើលឆោឡោ ប្រុងនាំយកស្ត្រីរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត តែពេលពិនិត្យមើលជាក់ស្តែង ទើបដឹងថា ស្ត្រីរងគ្រោះស្លាប់បាត់ទៅហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង៕