Wednesday, August 27, 2025
Homeសង្គម និងជីវិតគំនុំសងសឹក ស្ទាក់ចាក់់១០កាំបិត ស្លាប់កណ្តាលផ្លូវយ៉ាងអាណោចអាធ័ម

គំនុំសងសឹក ស្ទាក់ចាក់់១០កាំបិត ស្លាប់កណ្តាលផ្លូវយ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប ៖ បុរសជាមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ កំពុងជិះម៉ូតូតែម្នាក់ឯងសុខៗ ក៏ស្រាប់តែត្រូវបានជនមិនស្គាល់មុខ ធ្វើសកម្មភាពស្ទាក់ចាក់សម្លាប់យ៉ាងឃោរឃៅ ដោយប្រើកាំបិតចុងស្រួចចាក់ចំនួន១០កាំបិត បណ្តាលឱ្យស្លាប់យ៉ាងអណោចអាធ័មនៅក្នុងថ្លុកឈាម។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវក្រាលក្រួសក្រហម១ខ្សែ ចំងាយពីថ្នល់ជាតិប្រមាណ៤០០ម៉ែត្រ ស្ថិតក្នុងក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បុរសរងគ្រោះ ដែលត្រូវឃាតករចាក់សម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះហ៊ឹម សុវណ្ណារ៉ូ អាយុ២៦ឆ្នាំ មុខរបរជាមន្ត្រីនគរបាលប៉ុស្តិ៍ គោកចក ឋានន្តរស័ក្តិព្រិន្ទបាលឯក មានលំនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ ពួកគាត់កំពុងដេកនៅក្នុងផ្ទះ ស្រាប់តែឃើញមានម៉ូតូ២ទៅ៣គ្រឿង ជិះដេញចាក់គ្នាដូចក្នុងរឿងហុងកុង មួយសន្ទុះក៏ស្ងាត់ឈឹង។ បន្ទាប់ពីស្ងាត់ហើយ ពួកគាត់ក៏ដាស់គ្នាចេញទៅមើល ស្រាប់តែប្រទះឃើញមនុស្សដេកស្លាប់នៅតាមផ្លូវក្រួសក្រហមចំងាយពីផ្ទះពួកគាត់ប្រមាណ៣០ម៉ែត្រ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

តាមប្រភពពីមន្ត្រីនគរបាលមួយរូប ដែលត្រូវជាអ្នករួមការងារជាមួយជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះគឺជាមន្ត្រីប៉ូលិសប៉ុស្តិ៍ រដ្ឋបាលសង្កាត់គោកចក។ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃ១៤ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូទៅលេងផ្ទះបងធម៌ដូចសព្វដង ហើយធ្លាប់ដេកនៅទីនោះផងដែរ។ នៅយប់នោះ ជនរងគ្រោះត្រូវបានសំរាកពីការងារ ក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ លុះពេលដែលជនរងគ្រោះ ជិះម៉ូតូមកដល់ច្រកផ្លូវចូលទៅផ្ទះ និងចំងាយពីផ្ទះរបស់ជនរងគ្រោះប្រមាណតែ២០០ម៉ែត្រប៉ុណ្ណោះ ស្រាប់តែត្រូវជនសង្ស័យដេញតាមពីក្រោយ ចាក់សម្លាប់យ៉ាងសាហាវឃោរឃៅតែម្តង ដោយប្រើកូនកាំបិតចុងស្រួច២ដើមចាក់ចំប្រហារទៅលើជនរងគ្រោះចំនួន១០កាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ចំណែកជនសង្ស័យជាឃាតករ ក៏បានទម្លាក់កាំបិតចោលក្បែរសព រួចក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញក្រុងសៀមរាប បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវឃាតករចាក់សម្លាប់ប្រាកដមែន ដោយឃាតករ បានប្រើកូនកាំបិតចិតបន្លែមុខស្រួចចំនួន២ដើម និងបានចាក់ប្រហារជនរងគ្រោះចំពោះចំនួន៧កាំបិត ខ្នង១កាំបិត ភ្លៅ១កាំបិត ក្រោមឃ្លៀក១កាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ៕

RELATED ARTICLES