ខេត្តតាកែវ ៖ បុរស២នាក់ បានជួបជុំគ្នាទិញស្រាមកផឹករហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតឈានដល់អំពើហិង្សា ដោយភាគីម្ខាងទាញមែកឈើវាយសំពងគូទំនាស់ បណ្តាលឱ្យបែកក្បាលហូរឈាមជោកខ្លួន កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទ្រាំង។
ជនសង្ស័យដែលផឹកស្រវឹងវាយគូទំនាស់រយះក្បាល មានឈ្មោះឡុង ថា អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះម៉ាង ជ្រិន អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះ បានអង្គុយផឹកស៊ីជាមួយគ្នានៅផ្ទះរបស់ជនសង្ស័យ។ លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន ជនសង្ស័យ និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតឈានដល់ការជេរបញ្ចោរគ្នាទៅវិញទៅមក ហើយភ្លាមនោះ ជនសង្ស័យផ្ទុះកំហឹង ក៏បានទាញកំណាត់មែកឈើ វាយសំពងទៅលើជនរងគ្រោះចំក្បាល បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួនតែម្តង៕