ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ បានតាមម្តាយមីងរបស់ខ្លួន ធ្វើដំណើរមកលេងភ្នំពេញ លុះជក់អារម្មណ៍ដើរមើលទេសភាព ភ្លើងពណ៌ពេលរាត្រីម្តុំវិមានឯករាជ្យភ្លេចខ្លួន ណាមួយមនុស្សម្នាច្រើនផង ក៏វង្វេងជាមួយម្តាយមីងបាត់ពេញ១យប់ និងបានចូលទៅដេកនៅវត្តលង្កាមួយយប់ ព្រោះតែវង្វេងរកផ្លូវទៅផ្ទះមិនឃើញ។
ករណីក្មេងប្រុសវង្វេងផ្ទះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ខណៈដែលមានអ្នកប្រទះឃើញក្មេងប្រុសខាងលើ ដើរតាមផ្លូវទាំងគ្មានគោលដៅច្បាស់លាស់ ទើបនាំយកទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រៃស ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ដើម្បីឱ្យជួយមើលថែបណ្តោះអាសន្ន។
ក្មេងប្រុសដែលវង្វេងរូបនេះ មានឈ្មោះសុវណ្ណ ម៉ានិត អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ នៅអនុវិទ្យាល័យប្រាសាទ មានឪពុកឈ្មោះ មាស ហេម ម្តាយឈ្មោះសួន ខឿន និងមានលំនៅក្នុងភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
តាមសម្តីក្មេងប្រុសរូបនេះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ រូបគេបានធ្វើដំណើរជាមួយម្តាយមីងម្នាក់អាយុប្រមាណ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិជាមួយគ្នា បំណងមកដើរលេងនៅភ្នំពេញ ដោយក្នុងនោះ ពួកគេបានធ្វើដំណើរមកមានគ្នាទាំងអស់៥នាក់ ជិះម៉ូតូចំនួន២គ្រឿង។ លុះមកដល់ភ្នំពេញ ក្រោយពីហូបចុកអីរួច រូបគេ និងម្តាយមីង ព្រមទាំងមិត្តភក្តិម្តាយមីង៣នាក់ទៀត បាននាំគ្នាដើរលេងនៅសួនច្បារវិមានឯករាជ្យ លុះដោយសារតែរូបគេមិនដែលមកភ្នំពេញ មកដល់ម្តង ឃើញភ្លើងពណ៌ពេលរាត្រី ចាំងឆ្លុះគ្រប់ពណ៌ ទើបចេះតែដើរមើលរហូតដល់ជក់អារម្មណ៍ភ្លេចគិតដើរក្បែរម្តាយមីងឱ្យជាប់ ណាមួយដោយសារ តែមនុស្សម្នាច្រើនផង ទើបធ្វើឱ្យរូបគេ បានវង្វេងគ្នាជាមួយម្តាយមីង រកផ្លូវទៅផ្ទះមិនឃើញ ក៏បានចូលទៅសម្រាកនៅក្នុងវត្តលង្កា១យប់សិន ចាំព្រឹកចាំគិតបន្តទៀត។
ក្មេងប្រុសខាងលើ បានបន្តថា លុះដល់ព្រឹកឡើង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ រូបគេក៏ចេះតែដើរដោយគ្មានគោលដៅ និងមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ ស្រាប់តែដើរមកដល់ភូមិសាស្ត្រសង្កាត់ព្រៃស ទើបមានប្រជាពលរដ្ឋមកសួរនាំ លុះរូបគេប្រាប់ថា គេមកលេងភ្នំពេញវង្វេងផ្លូវ ទើបត្រូវប្រជាពលរដ្ឋនាំរូបគេ យកទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតែម្តង លុះទៅដល់ ក៏ត្រូវពូនគរបាលចិត្តល្អ ទិញបាយទឹកមកឱ្យរូបគេហូបចុក និងស្វះស្វែងស្រាវជ្រាវរកសាច់ញាតិរបស់រូបគេទៀតផង៕