Tuesday, August 26, 2025
Homeសង្គម និងជីវិតមានផ្ទៃពោះ៥ខែខឹងប្តីខ្លាំងពេក នាំកូនស្រីចុះចោលផ្ទះ

មានផ្ទៃពោះ៥ខែខឹងប្តីខ្លាំងពេក នាំកូនស្រីចុះចោលផ្ទះ

ខេត្តត្បូងឃ្មុំ ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ បានកើតមានទំនាស់ពាក្យសម្តីជាមួយគ្នាតិចតួច ស្រាប់តែស្ត្រីជាប្រពន្ធដែលកំពុងមានផ្ទៃពោះ៥ខែ បានសម្រេចចិត្តនាំកូនស្រីអាយុ២ខួបម្នាក់ ចាកចេញពីផ្ទះ ដោយមិនបានផ្តល់ដំណឹងអ្វីឱ្យប្តីបានដឹងបន្តិចណាសោះ ជាហេតុធ្វើឱ្យបុរសជាប្តី ភ័យឆោឡោ ព្រួយបារម្ភពីសុវត្ថិភាពប្រពន្ធកូន ក៏ដង្ហោយហៅប្រពន្ធឱ្យវិលត្រឡប់មកវិញរួមរស់ជុំគ្រួសារ។

ស្ត្រីជាប្រពន្ធដែលនាំកូនស្រីចុះចោលប្តីបាត់ដំណឹងនេះ មានឈ្មោះសិទ្ធិ យិន អាយុ២៣ឆ្នាំ កំពុងមានផ្ទៃពោះ៥ខែ មានប្តីឈ្មោះសុខ ថេង។ ចំណែកកូនស្រី ដែលត្រូវម្តាយនាំយកទៅតាមនោះ មានឈ្មោះសុខ ជា អាយុជាង២ខួប។ ក្រុមគ្រួសារខាងលើនេះ មានលំនៅក្នុងភូមិតាម៉ងក្រោម ឃុំតាម៉ោង ស្រុកមេមត់។

តាមប្រភពពីបុរសជាប្តី បានឱ្យដឹងថា គាត់និងប្រពន្ធ បានរៀបការនឹងគ្នាអស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយរួមរស់បង្កើតបានកូនស្រីម្នាក់ជាចំណងនិស្ស័យ សព្វថ្ងៃមានវ័យជាង២ខួបហើយ ហើយប្រពន្ធកំពុងចាប់ផ្តើមមានផ្ទៃពោះកូនទី២ម្នាក់ទៀតនៅក្នុងពោះ ដោយមកដល់ពេលនេះចម្រើនវ័យបាន៥ខែក្នុងផ្ទៃហើយ។

បុរសជាប្តី បន្តថា កន្លងមក ការរួមរស់រវាងប្តីប្រពន្ធគាត់ ល្អូកល្អិនល្អខ្លាំងណាស់ មិនធ្លាប់មានបញ្ហារកាំរកូសអ្វីជាដុំកំភួននោះទេ ហើយទោះជាមានបញ្ហាតិចតួចខ្លះ ក៏អាចដោះស្រាយគ្នាបានដោយរលូត មិនធ្លាប់អាក់អន់ស្រពន់ចិត្តអ្វីនឹងគ្នាដល់ថ្នាក់ចុះចោលផ្ទះបែបនេះឡើយ។

បុរសជាប្តីរូបនេះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គាត់និងប្រពន្ធ បានកើតមានទំនាស់ពាក្យសម្តីជាមួយគ្នាតិចតួច តែគាត់ក៏មិននឹកស្មានដល់ថា ប្រពន្ធបានខឹងសម្បានឹងគាត់ដល់ថ្នាក់នេះដែរ។ ស្រាប់តែក្រោយមក នៅពេលដែលគាត់មិននៅផ្ទះ ប្រពន្ធរបស់គាត់ដែលកំពុងមានផ្ទៃពោះ៥ខែ បែរជានាំកូនស្រីតូចអាយុជាង២ខួប ចុះចោលផ្ទះ ចោលគាត់ជាប្តីបាត់តែម្តង ដោយមិនដឹងថាទៅដល់ណានោះទេ៕

RELATED ARTICLES