Tuesday, August 26, 2025
Homeសង្គម និងជីវិតស្រវឹងស្រាពេក ដួលផ្កាប់មុខចូលទឹកឈ្លក់ស្លាប់

ស្រវឹងស្រាពេក ដួលផ្កាប់មុខចូលទឹកឈ្លក់ស្លាប់

ខេត្តកំពង់ចាម ៖ បុរសម្នាក់ចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងអួទីនួជារៀងរាល់ថ្ងៃ លុះស្រវឹងខ្លាំងពេក ដើររអិលជើងដួលផ្កាប់មុខធ្លាក់ចូលក្នុងអូរ បណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចប្រឡាយទឹកអូរគៀន ស្ថិតក្នុងភូមិល្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។

បុរសរងគ្រោះខាងលើ មានឈ្មោះឡាង ឡុក អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សស្រវឹងខួប មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកភូមិបានដើរកាត់ទីតាំងកើតហេតុខាងលើ ក៏ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះ ដេកផ្កាប់មុខចូលទឹកអូរ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះទៅពិនិត្យ ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពមានសភាពប៉ោងពោះ ចំណែកនៅលើដងខ្លួន និងអវយវៈ គឺពុំមានស្លាកស្នាមអ្វីឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពោលគឺពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌអ្វីឡើយ៕

RELATED ARTICLES