ខេត្តត្បូងឃ្មុំ ៖ យុវជនម្នាក់ បានចុះទៅហែលទឹកលេងយ៉ាងសប្បាយក្អាកក្អាយ លុះទំនងជាកើតមានអាការៈរមួលក្រពើ ក៏បណ្តាលឱ្យហែលទៅមុខលែងរួច លិចចូលទៅក្នុងទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចអាងទន្លេសិប្បនិម្មិត្ត មុខសាលាខេត្តត្បូងឃ្មុំ ស្ថិតក្នុងភូមិអង្គជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
យុវជនរងគ្រោះដែលលង់ទឹកស្លាប់ខាងលើ មានឈ្មោះទួន ធារ៉ា អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានចុះទៅហែលទឹកលេងនៅក្នុងអាងទន្លេ សិប្បនិម្មិត្តមុខសាលាខេត្ត លុះពេលកំពុងតែហែល មិនដឹងជាយ៉ាងម៉េច ទំនងជាកើតមានអាការៈរមួលក្រពើ ទើបធ្វើឱ្យហែលលែងរួច លង់ស្លាប់ យ៉ាងអាណោចអាធ័មតែម្តង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញកន្លែងកើតហេតុ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។
បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រឡប់ បានចុះទៅដល់កន្លែងកើតហេតុ ស្រង់យកសាកសពជនរងគ្រោះ ដើម្បីយកមកពិនិត្យ និងធ្វើការពិនិត្យកោសល្យវិច័យ៕