Tuesday, August 26, 2025
Homeសង្គម និងជីវិតប្តីប្រពន្ធរងគ្រោះដាច់ដៃជើងទាំង២ ទទួលអំណោយសម្តេច

ប្តីប្រពន្ធរងគ្រោះដាច់ដៃជើងទាំង២ ទទួលអំណោយសម្តេច

ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធអភ័ព្វ ដែលរងគ្រោះដោយសារខ្សែភ្លើងឆក់បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ដោយបុរសជាប្តីត្រូវគ្រូពេទ្យ សម្រេចកាត់ដៃទាំងសងខាងចោល ចំណែកស្ត្រីជាប្រពន្ធ ត្រូវកាត់ដៃទាំងសងខាងហើយ ថែមទាំងកាត់ជើងចោលម្ខាងទៀត ធ្វើឱ្យជីវភាពគ្រួសារ រស់នៅវេទនាដុនដាបនោះ ត្រូវបានសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់ជាអំណោយសង្គ្រោះ ដើម្បីជាការសម្រាលនូវទុក្ខលំបាកក្រុមគ្រួសារអភ័ព្វមួយនេះ។

គ្រួសារអភ័ព្វដែលជួបវាសនាដ៏មហាអាក្រក់នេះ បុរសជាប្តីមានឈ្មោះភាន ចាន់ណា អាយុ៥១ឆ្នាំ (ត្រូវកាត់ដៃទាំង២) ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះប្រាក់ សំ អាយុ៤៩ឆ្នាំ (ត្រូវកាត់ដៃទាំងសងខាង និងជើងឆ្វេងម្ខាង)។ គ្រួសារមួយនេះ មិនមានដី ឬផ្ទះសំបែកផ្ទាល់ខ្លួននោះទេ និងបានសុំផ្ទះប្អូនស្រីស្នាក់នៅស្ថិតក្នុងភូមិបានណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ។

យោងតាមគណនីហ្វេសប៊ុកលោកផែង វណ្ណៈ បានបញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ថា “នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ខ្ញុំបាទបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅជូនដល់កម្មករ សំណង់កម្សត់ពីរនាក់ប្តីប្រពន្ធដែលឆក់ខ្សែភ្លើងនៅប៉ោយប៉ែត កំពុងសំរាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យមង្គលបូរី ខេត្តបន្ទាយមានជ័យ។ អំណោយរួមមាន អង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ១កេស ទឹកដោះគោខាប់១កេស មុង២ ខ្នើយ២ ភួយ២ កន្ទេល២ ពូក១ ទឹកត្រី៣យួរ សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមួយឈុត និងថវិកាមួយចំនួន។

បុរសជាប្តីឈ្មោះភាន ចាន់ណា អាយុ ៥១ឆ្នាំ ត្រូវកាត់ដៃទាំងពីរ ចំណែកប្រពន្ធឈ្មោះ ប្រាក់ សំ អាយុ៤៩ឆ្មាំ កាត់ដៃទាំង២ និងជើងឆ្វេងមួយ។ មុនកើតហេតុកម្មករកម្សត់ពីរនាក់ប្តីប្រពន្ធនេះ បានសុំផ្ទះរបស់ប្អូនស្រីឈ្មោះភាន ចិន្តា នៅភូមិបានណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ រស់នៅជាមួយ។

ជនរងគ្រោះទាំងពីរនាក់នេះមិនមានដី ឬផ្ទះផ្ទាល់ខ្លួនទេ មានកូន៣នាក់ក្នុងបន្ទុក កូនប្រុសពីរនាក់ទៅធ្វើកម្មករនៅប្រទេសថៃ ចំណែកកូនស្រីបងអាយុ ២៥ឆ្នាំ គនិយាយមិនបាន។
អំណោយ និងថវិកា ដែលបានផ្តល់ជូនកម្មកររងគ្រោះពីរនាក់ប្តីប្រពន្ធ គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានីច្ចកាលសម្តេចទាំងពីរ តែងតែនៅជាប់ជាមួយប្រជាជនពេលប្រជាជនមានទុក្ខលំបាក។

កម្មកររងគ្រោះទាំងពីរប្តីប្រពន្ធ និងក្រុមគ្រួសារ មានក្តីរំភើបរីករាយនិងសូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ ហ៊ុន ម៉ាណា និងបានគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជួប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ…”។

គួររំលឹកថា ថ្មីៗកន្លងទៅនេះ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ បានជួបគ្រោះអកុសល ពេលកំពុងបំពេញការងារសំណង់ជាមួយគ្នា ដោយត្រូវខ្សែភ្លើងឆក់ទាំង២នាក់ប្តីប្រពន្ធ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ដោយបុរសជាប្តីត្រូវគ្រូពេទ្យសម្រេចកាត់ដៃទាំងសងខាងចោល ចំណែកស្ត្រីជាប្រពន្ធ ត្រូវកាត់ដៃទាំងសងខាងហើយ ថែមទាំងកាត់ជើងចោលម្ខាងទៀតផង៕

RELATED ARTICLES