ខេត្តបន្ទាយមានជ័យ ៖ នារីវ័យក្មេងម្នាក់ បានចូលក្លឹបផឹកស៊ីរាំលេងជាមួយមិត្តភក្តិ លុះសង្ស័យប្រើថ្នាំគ្រវីលើសកម្រិត ក៏បណ្តាលឱ្យកើតមានអាការៈគាំងបេះដូងស្លាប់នៅក្នុងក្លឹបយ៉ាងអាណោចអាធ័ម បើទោះជាមិត្តភក្តិមិនអស់ចិត្ត ព្យាយាមដឹកបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ ក៏មិនអាចជួយបាន ពោលគឺហួសពេលទៅហើយ។
ហេតុការណ៍នារិវ័យក្មេងគាំងបេះដូងស្លាប់ក្នុងក្លឹបនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្លឹបកម្សាន្តមួយកន្លែង ក្នុងកាស៊ីណូក្រុងប៉ោយប៉ែត។
នារីរងគ្រោះដែលគាំងបេះដូងស្លាប់ មានឈ្មោះធី ណារិន អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិបាលលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តាមប្រភពពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នារីរងគ្រោះ រួមជាមួយមិត្តភក្តិប៉ុន្មាននាក់ទៀត បាននាំគ្នាចូលក្លឹបរាត្រីមួយកន្លែងនៅក្នុងកាស៊ីណូ ដើម្បីផឹកស៊ី និងរាំលេងកម្សាន្ត សប្បាយ។ លុះក្រោយមក ទំនងជានារីរងគ្រោះ និងមិត្តភក្តិចង់បង្កើនការសប្បាយឱ្យខ្លាំងឡើងថែមទៀត ទើបនាំគ្នាប្រើថ្នាំគ្រវី (ខេ) ស្រាប់តែអកុសល នារីរងគ្រោះបានប្រើលើសកម្រិត ក៏បណ្តាលឱ្យកើតមានអាការៈគាំងបេះដូងស្លាប់នៅនឹងកន្លែង ក្នុងក្លឹបកំសាន្តនោះតែម្តង វេលាទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។ ប៉ុន្តែដោយសារតែមិត្តភក្តិនារីរងគ្រោះមិនអស់ចិត្ត ក៏ព្យាយាមដឹកសពនារីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតទៀត តែអកុសលពេលដឹកមកដល់ក្រុមគ្រូពេទ្យជំនាញពិនិត្យរួច បានបញ្ជាក់ថា នារីរងគ្រោះបានស្លាប់ តាំងពីមុនបញ្ជូនមកដល់មន្ទីរពេទ្យម៉្លេះ៕