Tuesday, August 26, 2025
Homeសង្គម និងជីវិតក្មេងទំនើងឈ្លោះគ្នា ដេញកាប់ផ្អើលពេញភូមិ 

ក្មេងទំនើងឈ្លោះគ្នា ដេញកាប់ផ្អើលពេញភូមិ 

ខេត្តស្វាយរៀង ៖ ក្មេងទំនើង២ក្រុម បានកើតមានទំនាស់នឹងគ្នា រហូតឈានដល់ការប្រើអំពើហិង្សា ដេញកាប់ចាក់គ្នាធ្វើឱ្យផ្អើលពេញភូមិ ទីបំផុតក៏ត្រូវកម្លាំងអាវុធហត្ថចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នាំយកទៅសាកសួរ។

ករណីក្មេងស្ទាវដេញកាប់គ្នាផ្អើលពេញភូមិនេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចសួនតាឌី ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

យុវជនសង្ស័យ ដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះ ថន សីហា ហៅអាតួ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងដកហូតម៉ូតូដែលជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1GE-9610។

តាមប្រភពពីមន្ត្រីអាវុធហត្ថក្រុងស្វាយរៀង បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា មាន ក្រុមក្មេងទំនើងកំពុងដេញកាប់គ្នា បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ លុះទទួលបានព័ត៌មានបែបនេះ ទើបលោកមេបញ្ជាការកងរាជអាវុធហត្ថ ក្រុង ស្វាយរៀង បានប្រកាសតាមវិទ្យុទាក់ទង ឱ្យកម្លាំងក្រោមឱវាទចុះអន្តរាគមន៍ជាបន្ទាប់ ហើយភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថដែលជិះល្បាត ប្រទះឃើញជនសង្ស័យដែលកំពុងជិះម៉ូតូ ក៏ឃាត់ខ្លួនបានជនសង្ស័យរូបនោះ នៅចំណុចខាងជើងផ្សារវាលយន្ត ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង និងបានឃាត់ខ្លួនយកមក ស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរបន្ត និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES