ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយជាច្រើនឆ្នាំមកហើយ លុះស្ថានភាពជំងឺធ្វើទុក្ខខ្លាំងពេកទ្រាំទ្រលែងបាន ក៏ដាច់ចិត្តធ្វើអត្តឃាត ដោយលេបថ្នាំសរសៃប្រសាទដែលទើបបើកពីមន្ទីរពេទ្យដើម្បីសម្លាប់ខ្លួន លុះខ្លាចមិនស្លាប់ ក៏យកខ្សែមកចងក បន្ថែមទៀត រហូតដល់ស្លាប់យ៉ាងអាណោចអធ័ម។
ករណីលេបថ្នាំ និងចងកធ្វើអត្តឃាតនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងក្រុមទី១២ ភូមិតាណាក ឃុំគារ ស្រុកមោងឫស្សី។
ជនរងគ្រោះខាងលើ មានឈ្មោះតាប់ ផល អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា ប្តីរបស់នាងមានជំងឺសរសៃប្រសាទប្រចាំកាយជាយូរមកហើយ និងចាំបាច់ ត្រូវលេបថ្នាំជាប់ជាប្រចាំ ពុំនោះទេជំងឺចេះតែធ្វើទុក្ខមិនឈប់។ នៅមុនពេលកើតហេតុ នាងនិងប្តីទើបនឹងត្រឡប់មកពីបើកថ្នាំសរសៃប្រសាទ ពីមន្ទីរពេទ្យវិញ។ លុះមកដល់ផ្ទះ នាងរវល់ទៅដាំស្ល ស្រាប់តែប្តីរបស់នាង បានយកថ្នាំសរសៃប្រសាទ ដែលទើបនឹងបើកមកពីមន្ទីរពេទ្យ មកលេបទាំងអស់ ដើម្បីសម្លាប់ខ្លួន ប៉ុន្តែទំនងជាខ្លាចលេបថ្នាំប៉ុណ្ណឹងហើយមិនស្លាប់ ទើបប្តីរបស់នាងបានយកខ្សែមកចងកបន្ថែមទៀត បណ្តាល ឱ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ នាងបានឡើងមកលើផ្ទះបំណងហៅប្តីហូបបាយ ស្រាប់តែប្រទះឃើញប្តីចងកស្លាប់បាត់ទៅហើយ និងឃើញថង់ថ្នាំដែលទើបនឹងបើកកាលពីព្រឹក នៅក្បែរនោះ ប៉ុន្តែគ្មានថ្នាំ១គ្រាប់នៅក្នុងថង់នោះទេ ទើបនាងដឹងថា ប្តីរបស់នាងបានលេបថ្នាំសម្លាប់ខ្លួនហើយខ្លាចមិនស្លាប់ ទើបចងកមួយជាន់ទៀត។ បន្ទាប់ពីប្រទះឃើញបែបនេះ នាងក៏ស្រែកឆោឡោ ផ្អើលដល់អ្នកជិតិខាង និងបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយបានលេបថ្នាំសរសៃប្រសាទទាំងអស់ តែខ្លាចមិនស្លាប់ ក៏បានយកខ្សែរអង្រឹងពណ៌ខៀវ ប្រវែង៣,៥០ម៉ែត្រ យកមកចងក សម្លាប់ខ្លួនបន្ថែមទៀត ទើបស្លាប់ដូចបំណង៕