Tuesday, August 26, 2025
Homeសង្គម និងជីវិតក្មេងស្រីអភ័ព្វ! ម្តាយចុងអប្រិយ វ៉ៃដំជាំពេញខ្លួន

ក្មេងស្រីអភ័ព្វ! ម្តាយចុងអប្រិយ វ៉ៃដំជាំពេញខ្លួន

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ ត្រូវបានទទួលរងទារុណកម្មយ៉ាងព្រៃផ្សៃពីសំណាក់ស្ត្រីជាម្តាយចុង ដែលតែងវាយធ្វើបាបកូនស្រីជារៀងរាល់ថ្ងៃ ពេលខ្លះប្រើដៃ ពេលខ្លះប្រើរំពាត់ ស្មាខោអាវ ជួនខ្សែភ្លើងក៏មាន ដោយគ្រាន់តែរឿងប្រើកូនស្រីមិនបានដូចចិត្ត ឬពេលខ្លះហត់នឿយ មានរឿងក្តៅក្រហាយមកពីខាងក្រៅ បែរជាជះកំហឹងដាក់កូនស្រី រហូតដល់ក្មេងស្រីអភ័ព្វទទួលរងរបួសជាំសុសពេញខ្លួន រហូតដល់អ្នកជិតខាង ទ្រាំនឹងទង្វើដ៏ឃោរឃៅរបស់ស្ត្រីជាម្តាយចុងរូបនោះលែងបាន ក៏បានរាយការណ៍ទៅខាងវិទ្យុអេប៊ីស៊ី និងប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ក្មេងស្រីអភ័ព្វ ដែលត្រូវម្តាយចុងវាយដំ ធ្វើទារុណកម្មគ្មានត្រាប្រណី មានឈ្មោះស្រីដាវ អាយុ១០ឆ្នាំ សព្វថ្ងៃស្នាក់នៅក្នុងបន្ទុកឪពុក និងម្តាយចុង នៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ។ ចំណែកបុរសជាប្តី រួមនឹងស្ត្រីជាប្រពន្ធចុង ដែលត្រូវជាឪពុកបង្កើត និងម្តាយចុងរបស់ក្មេងស្រីរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា អ្នកទាំងពីរគឺជាកម្មកររោងចក្រ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងអារម្មណ៍ភ័យខ្លាចថា នាងត្រូវម្តាយចុងវាយដំធ្វើបាបជារៀងរាល់ថ្ងៃ ដោយពេលខ្លះម្តាយចុងបានប្រើដៃវ៉ៃនាង ប្រើក្រចកក្តិច យករំពាត់ស្មាខោអាវវាយ ហើយជួនពេលខ្លះប្រើទាំងខ្សែភ្លើងវាយនាងបណ្តាលឱ្យរងរបួស មានស្នាមជាំពេញដៃជើងខ្លួនប្រាណ និងធ្វើឱ្យនាងមានការឈឺចុកចាប់យ៉ាងខ្លាំង។

ក្មេងស្រីរងគ្រោះ បានបន្តថា មូលហេតុដែលម្តាយចុងវាយនាងបែបនេះ គឺពេលខ្លះម្តាយចុងខឹងនឹងរឿងប្រើនាងមិនបានដូចបំណង ជួនគ្មានរឿងអ្វីសោះក៏វាយនាងដែរ ចំណែកឪពុករបស់នាងមិនបានដឹងថា នាងត្រូវម្តាយចុងវាយដល់ថ្នាក់នេះទេ ចំណែកនាងក៏មិនហ៊ានប្រាប់ដែរ ព្រោះខ្លាចម្តាយចុងវាយថែម។ ជួនពេលខ្លះឪពុកប្រទះឃើញស្នាមរំពាត់លើខ្លួននាងសួរនាំទៅ ត្រូវម្តាយចុងនិយាយថា មកពីនាងមិនស្តាប់បង្គាប់ ទើបវ៉ៃប្រដៅខ្លះទៅ។

ដោយឡែក តាមប្រភពពីអ្នកដែលរស់នៅជិតខាងគ្រួសារក្មេងស្រីរងគ្រោះ បានលួចបង្ហើបប្រាប់ដោយសុំមិនបញ្ចោញឈ្មោះថា ក្មេងស្រីរងគ្រោះរូបនេះ ពិតជាត្រូវម្តាយចុងធ្វើបាបខ្លាំងណាស់ វ៉ៃដំយ៉ាងព្រៃផ្សៃ ដោយពេលខ្លះមួលក្តិចកូនស្រីដាច់សាច់ទាំងដុំ ជាក់ស្តែងស្លាកស្នាមនៅលើមុខមាត់ក្មេងស្រីរងគ្រោះជាភ័ស្តុតាងស្រាប់។ ដោយសារតែទ្រាំនឹងឃើញការប្រើទារុណកម្មលើកុមារយ៉ាងឃោរឃៅបែបនេះលែងបានតទៅទៀត ទើបអ្នកជិតខាងបានលួចផ្តល់ព័ត៌មានទៅខាងវិទ្យុអេប៊ីស៊ី និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយសង្គ្រោះក្មេងស្រីរងគ្រោះឱ្យផុតពីក្រញ៉ាំដៃម្តាយចុងចិត្តកំណាច។

ក្រោយកើតហេតុ កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ គេឃើញក្រុមការងាររបស់វិទ្យុអេប៊ីស៊ី រួមនឹងសមត្ថកិច្ច ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ផ្ទះក្មេងស្រីរងគ្រោះ ដែលខណៈនោះ មានតែក្មេងស្រីរងគ្រោះនៅចាំផ្ទះតែម្នាក់ឯងប៉ុណ្ណោះ ចំណែកឪពុកបង្កើត និងម្តាយចុងរបស់នាង បានចេញទៅធ្វើការងាររោងចក្រអស់ទៅហើយ។ បន្ទាប់មក សមត្ថកិច្ចក៏សម្រេចនាំក្មេងស្រីរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីរង់ចាំឱ្យឪពុកបង្កើត និងម្តាយចុងត្រឡប់មកពីធ្វើការវិញ សមត្ថកិច្ចនឹងកោះហៅទៅសាកសួរឱ្យបានច្បាស់លាស់៕

RELATED ARTICLES