Tuesday, August 26, 2025
Homeសង្គម និងជីវិតប្រពន្ធវេចលុយរត់តាមប្រុសថ្មីបាត់ ប្តីដេកយំចាំអូនត្រឡប់

ប្រពន្ធវេចលុយរត់តាមប្រុសថ្មីបាត់ ប្តីដេកយំចាំអូនត្រឡប់

ខេត្តតាកែវ ៖ បុរសម្នាក់នេះ មានវាសនាអភ័ព្វខុសគេ ធ្លាប់ធ្វើយោធា តែជួបគ្រោះអកុសលជាន់មីនផ្ទុះដាច់ជើងម្ខាង លុះបានប្រពន្ធ មិនប្រកាន់ពីរឿងប្តីពិកលពិការ គិតថា នឹងអាចរួមរស់យ៉ាងមានសុភមង្គលអស់មួយជីវិតដឹងអី ទោះជាមានកូនដល់ទៅ៤នាក់ទៅហើយ ក៏ប្រពន្ធនៅ តែបែកគំនិតក្បត់ផិតប្តី ដោយបានវេចលុយដែលខ្ចីពីធនាគារចំនួន១៥០០ដុល្លារ រត់តាមប្រុសថ្មីទៅសម្ងំសោយសុខធ្វើព្រងើយ ដោយគ្មានស្តាយ ស្រណោះអាឡោះអាល័យប្តីពិការ រស់នៅវេទនា គ្មានលទ្ធភាពរកប្រាក់សងធនាគារ រហូតដល់ខូចចិត្តផឹកតែស្រាស្រវឹងរាល់ថ្ងៃ និងដេកទួញយំ រៀងរាល់រាត្រី ទន្ទឹងចាំផ្លូវប្រពន្ធវិលមកវិញ។

បុរសអភ័ព្វជាប្តីរូបនេះ មានឈ្មោះអង ចឿន អាយុ៤៦ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់។

លោកអង ចឿន បានរៀបប្រាប់ប្រាប់ថា គាត់ជាកូនច្បងក្នុងចំណោមបងប្អូន៨នាក់ (ប្រុស៥ ស្រី៣) កាលពីឈានចូលវ័យ១៨ឆ្នាំ គាត់បានចូលធ្វើទាហានចំនួន៣ឆ្នាំ និងធ្លាប់បានចេញទៅវាយទាហានខ្មែរក្រហមនៅភ្នំកូនដំរី ក្នុងទឹកដីខេត្តបាត់ដំបង តែអកុសលអ្វី មិនមានរបួស ដោយសារគ្រាប់កាំភ្លើង បែរជាដើរជាន់មីន ផ្ទុះដាច់ជើងស្តាំមួយចំហៀងទៅវិញ ទើបធ្លាក់ខ្លួនជាយុទ្ធជនពិការរហូតដល់សព្វថ្ងៃ។

លោកអន ចឿន បន្តថា ក្រោយពីជាន់មីនផ្ទុះដាច់ជើងម្ខាង គាត់ក៏បានវិលត្រឡប់មករស់នៅស្រុកកំណើតវិញ និងត្រូវបានឪពុកម្តាយផ្សំផ្គុំឱ្យមានប្រពន្ធឈ្មោះខៃ ចាន់ អាយុប្អូនគាត់១ឆ្នាំ ដោយនាងគឺជាអ្នករស់នៅស្រុកភូមិជាមួយគ្នា និងជាមនុស្សស្រី មានចរិតលក្ខណៈល្អថ្លៃថ្នូរ មិន ប្រកាន់នឹងទទួលយកប្តីពិការជើងដូចរូបគាត់ឡើយ។ បន្ទាប់មកប្តីប្រពន្ធរបស់គាត់ក៏បានរួមរស់នឹងគ្នាយ៉ាងល្អូនល្អិន រហូតបង្កើតបានកូនចំនួន៤នាក់ (ប្រុស៣ ស្រី១) ជាចំណងនិស្ស័យ។

លោកអន ចឿន បានឱ្យដឹងទៀតថា តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធគាត់ប្រកបរបរធ្វើស្រែចម្ការចិញ្ចឹមជីវិត ចំណែកគាត់ទទួលបានប្រាក់អតីតភាពការងារចំនួន៦០ម៉ឺនរៀលក្នុងមួយខែ គ្រាន់យកមកទប់ទល់ជីវភាពគ្រួសារ។ ក្រោយមកទៀត ដោយសារតែជីវភាពគ្រួសារ មានការខ្វះមុខខ្វះក្រោយ ហេតុនេះ ទើបប្រពន្ធរបស់គាត់សម្រេចសុំគាត់ធ្វើចំណាកស្រុកចេញទៅធ្វើការនៅប្រទេសថៃ ជាមួយនឹងកូនប្រុសពេញកម្លាំង ចំនួន២នាក់ទៀត។ ពេលនោះ គាត់ក៏យល់ព្រម ព្រោះនឹកថា ម្តាយកូន៣នាក់ទៅជាមួយគ្នា អាចមើលថែគ្នាបាន ដឹងអីដូចបញ្ជូនសាច់ចូលមាត់ខ្លា អ៊ីចឹង។ តាំងពីចេញទៅធ្វើការនៅស្រុកថៃមក ប្រពន្ធបានផ្ញើលុយមកផ្ទះតែប៉ុន្មានខែប៉ុណ្ណោះ ស្រាប់តែបាត់ឈឹងលែងផ្ញើមកទៀត ខណៈដែលកូនប្រុសទាំង២នាក់ ផ្ញើលុយមកផ្ទះជាហូរហែរៀងរាល់ខែ ជាហេតុធ្វើឱ្យគាត់មានចិត្តសង្ស័យថា ប្រពន្ធអាចមានទំនាក់ទំនងជាមួយប្រុសថ្មី ទើបយកប្រាក់ដែលរកបានទៅចាយវាយអស់ដៃជាមួយគ្នា និងថែមទាំងបានឱ្យកូនទាំង២នាក់តាមដានម្តាយដែរ តែចាប់ភ័ស្តុតាងមិនបានសោះ ដោយសារតែកូនប្រុសទាំង២នាក់ ធ្វើការនៅកន្លែងផ្សេងគ្នា ឆ្ងាយពីកន្លែងម្តាយរបស់គេធ្វើការ។

លោកចឿន បានបន្ថែមថា លុះ៤ឆ្នាំក្រោយមក ប្រពន្ធក៏វិលត្រឡប់មកផ្ទះវិញ ទាំងបាតដៃទទេ ពោលគឺគ្មានលុយកាក់១រៀលជាប់ខ្លួនសោះ ចំណែកគាត់ក៏មិនបានទៅសួរដេញដោលជីកឫសគល់អ្វីដែរ និងធ្វើដូចមិនដឹងរឿង ហើយក៏រួមរស់នឹងគ្នាយ៉ាងផ្អែមល្ហែមបន្តទៀតធម្មតា។ លុះរយៈពេលប្រមាណកន្លះឆ្នាំក្រោយមក ពួកគាត់២នាក់ប្តីប្រពន្ធ ក៏ពិភាក្សាគ្នាថាចង់រកស៊ី ក៏បាននាំគ្នាទៅខ្ចីប្រាក់ធនាគារចំនួន៣ពាន់ដុល្លារ មកធ្វើដើមទុន តែដោយមិនបានរកស៊ី ក៏បង្វិលប្រាក់ចំនួន១៥០០ដុល្លារទៅសងធនាគារវិញ នៅសល់១៥០០ដុល្លារទៀត ស្រាប់តែប្រពន្ធបែកគំនិត លួចវេចយកលុយនោះ ហើយរត់ចេញពីផ្ទះ ទៅតាមប្រុសឈ្មោលរបស់ខ្លួនបាត់ ដោយមិនដឹងថា ទៅសម្ងំសោយសុខនៅឯណាទេសព្វថ្ងៃ។ ក្រោយពេលប្រពន្ធរត់ចេញពីផ្ទះ គាត់បានទៅរកគ្រូហោឱ្យទស្សន៍ទាយមើលដែរ និងត្រូវគ្រូហោប្រាប់ថា ប្រពន្ធគាត់បានរត់ទៅទិសខាងលិចជាមួយប្រុសម្នាក់។ គិតមកដល់ពេលនេះ ប្រពន្ធបានវេចលុយរត់៦ខែមកហើយ មិនទាន់ត្រឡប់មកផ្ទះវិញទេ និងគ្មានដំណឹងអ្វីសោះឡើយ ដោយទុកឱ្យគាត់រស់នៅគ្រាំចិត្ត ណាមួយជីវភាពទ័លក្រ ខ្លួនក៏ពិការគ្មានកម្លាំងធ្វើការរកប្រាក់មកសងបំណុលធនាគារនោះទេ៕

RELATED ARTICLES