Tuesday, August 26, 2025
Homeសង្គម និងជីវិតគ្រួសារកំពុងតែក្រលំបាកផង ផ្ទុះហ្គាសឆេះរលាក៥នាក់

គ្រួសារកំពុងតែក្រលំបាកផង ផ្ទុះហ្គាសឆេះរលាក៥នាក់

ខេត្តស្វាយរៀង ៖ ជារឿងដ៏គួរឱ្យសោកសង្រេងមួយសម្រាប់ក្រុមគ្រួសារមួយនេះ ដែលកំពុងតែមានជីវភាពក្រីក្រតោកយ៉ាក រកព្រឹកខ្វះល្ងាច ស្រាប់តែមកជួបគ្រោះអកុសល ម្តងមួយគ្រួសារថែមទៀត ដោយកំពុងនៅជុំគ្នារៀបចំចម្អិនអាហារហូប បែរជាផ្ទុះកំប៉ុងហ្គាស បង្កជា អណ្តាតភ្លើងឆាបឆេះរលាកទាំងឪពុកម្តាយ និងកូនសរុប៥នាក់ ដោយក្នុងនោះ៣នាក់ទទួលរងរបួសធ្ងន់ រលាករលួយពេញខ្លួន។

ក្រុមគ្រួសារទុរគត ដែលជួបទុក្ខជាន់លើទុក្ខនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានសមាជិក៥នាក់ ប្តីប្រពន្ធ រួមនឹងកូន៣នាក់ និងមានលំនៅក្នុងភូមិស្រែឬស្សី ឃុំអំពិល ស្រុករមាសហែក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមគ្រួសារខាងលើ កំពុងនៅជុំគ្នារៀបចំចម្អិនម្ហូបហូប ស្រាប់តែក្រោយមក មិនដឹងជាយ៉ាងម៉េច ក៏ផ្ទុះកំប៉ុងហ្គាសដែលកំពុងដាំស្ល បណ្តាលឱ្យកើតជាអណ្តាតភ្លើងឆាបឆេះទាំងប្តីប្រពន្ធ រួមនឹងកូន៣នាក់ទៀត បណ្តាលឱ្យរងរបួសធ្ងន់ទាំង៥នាក់តែម្តង ដោយក្នុងនោះ៣នាក់បានទទួលរងការឆេះរលាកពេញខ្លួនរងរបួសធ្ងន់ជាងគេ។

ក្នុងសភាពឈឺចាប់ក្តៅក្រហល់ក្រហាយពេញខ្លួន គេឃើញសមាជិកគ្រួសារខាងលើ ចំនួន៣នាក់ដែលរងរបួសធ្ងន់ កំពុងដេកតំរៀបគ្នានៅលើគ្រែក្នុងមន្ទីរពេទ្យ ដោយត្រូវគ្រូពេទ្យរុំបង់ពេញដៃជើងដងខ្លួនមុខមាត់ បន្សល់តែប្រឡោះភ្នែកមាត់ និងច្រមុះប៉ុណ្ណោះ ដែលមើលទៅពិតជា គួរឱ្យខ្លោចចិត្តបំផុត។

ដោយសារតែគ្រួសារខាងលើ កំពុងមានជីវភាពខ្វះខាតទីទ័លក្រ ណាមួយមកជួបគ្រោះអកុសល រងរបួសធ្ងន់បែបនេះ ទើបគ្មានលទ្ធភាព ដើម្បីព្យាបាលជំងឺនោះទេ ហេតុនេះក្រុមគ្រួសារទុរគតខាងលើ ក៏បានអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក សូមមេត្តាស្រោចស្រង់ក្រុមគ្រួសារពួកគាត់ផង ដែលពេលនេះ ពួកគាត់កំពុងសម្រាកព្យាលបាលនៅមន្ទីពេទ្យកាលម៉ែត ឯរាជធានីភ្នំពេញ។

សប្បុរសជនដែលចង់ចូលរួមជួយឧបត្ថម្ភដល់គ្រួសារអភ័ព្វទុរគតខាងលើ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១០ ៩៥ ៣២ ៣១ និង០៨៨ ៥១ ២២ ០៩២៕

RELATED ARTICLES