ខេត្តបាត់ដំបង ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មិនដឹងជាមានវិបត្តិអ្វីក្នុងចិត្តធំធេង ដោះស្រាយមិនចេញ ក៏ធ្វើសកម្មភាពទាញកាំបិត មកអារកខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវប្រជាពលរដ្ឋជួយឃាត់ទាន់ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ លុះទៅដល់បែរជាផ្តាច់សេរ៉ូម រួចចុះពីគ្រែ ទាញបានកូនកន្ត្រៃរបស់ពេទ្យ យកមកចាក់ប្រហារខ្លួនឯងជាច្រើនកន្ត្រៃទៀត បណ្តាលឱ្យរងរបួសកាន់តែធ្ងន់ និងត្រូវគ្រូពេទ្យព្យាយាមសង្គ្រោះបានតែ១យប់ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុងដងផ្លូវមួយខ្សែ ស្ថិតក្នុងភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល។
បុរសរងគ្រោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង៣០ឆ្នាំ។
តាមប្រភពពីសាក្សីម្នាក់ឈ្មោះដួង គិត រស់នៅភូមិឃុំកើតហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងនៅ ខាងមុខវត្តកៀនកែស ក៏បានឃើញម៉ូតូ១គ្រឿង ម៉ាកហុងដា ជិះគ្នា២នាក់ បានមកសួរគាត់ថា មានស្គាល់ឈ្មោះសៅ ឬក៏អត់? ពេលនោះ គាត់ក៏បានឆ្លើយប្រាប់ទៅវិញថា អត់ឃើញទេ។ បន្ទាប់មក ក៏ឃើញបុរសម្នាក់ដែលអង្គុយពីខាងក្រោយ បានចុះពីលើម៉ូតូ រត់ទៅទិសខាងជើងបាត់ លុះមួយសន្ទុះក្រោយមក ក៏ឮគេប្រាប់ថា ជននោះបានចូលទៅក្នុងផ្ទះរបស់អ្នកភូមិម្នាក់ឈ្មោះប្រាក់ សារឿន យកកាំបិតមកអារកខ្លួនឯងតែម្តង។
លោកផង់ សុភាព អធិការស្រុកថ្មគោល បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ អ្នកស្រុកបានប្រទះឃើញបុរសមិនស្គាល់អត្តសញ្ញាណខាងលើ បានប្រើកាំបិតចុងស្រួចអារកខ្លួនឯង បណ្តាលឱ្យដេកដួលក្នុងថ្លុកឈាមតាមដងផ្លូវ។ លុះឃើញបែបនេះ អ្នកភូមិនិងសមត្ថកិច្ចក៏បានដឹកបញ្ជូនជននោះ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកភ្លាមៗដែរ ដើម្បីជួយសង្គ្រោះ។ ស្រាប់តែពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យដាក់សេរ៉ូមបានមួយសន្ទុះ ស្រាប់តែជននេះបានក្រោកដកសេរ៉ូមចោល រួចចុះរត់ទាំងហូរ ឈាមកក្លាក់ស្ទុះទៅទាញយកកូនកន្ត្រៃរបស់ពេទ្យ ហើយរត់ចូលលួចចាក់ខ្លួនឯងថែមទៀត បណ្តាលឱ្យទទួលរងរបួសកាន់តែធ្ងន់លើសដើម៕